ការឆ្លើយតប​តម្រូវកា​រ​ប្រជាពលរដ្ឋ ឃុំ អូរ​តា​គី​

​ឃុំ​អូរ​តា ​គី​ជា​ឃុំ​មួយ​ស្ថិតនៅ​ក្នុងស្រុក​ថ្មគោល នៃ​ខេត្តបាត់ដំបង បច្ចុប្បន្ននេះ​ បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ កំពុងតែ​ក្លាយជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ឋិត​នៅក្នុង​ឃុំ​អូរ​តា​គី​ទាំងមូល​។ ប្រជាពលរដ្ឋ​មួយរូប​បាន​លើកឡើងថា ភូមិ​ដែល​កំពុងតែ​ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំងជាងគេ​គឺ​នៅ​ភូមិ​ត្រស់ ដោយសារតែ​ទឹក​បើក​មកហើយ​តែ​អ្នក​នៅ​ខាងលើ​បូម​យក​អស់ ទើប​ទឹក​មិនបាន​ហូរ​មកដល់​ភូមិ​ត្រស់​នោះទេ​។​

​ទន្ទឹម​និង​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​នេះ​ផងដែរ ប្រជាពលរដ្ឋ​មួយរូប​ទៀត​រស់នៅ​ឃុំ​អូរ​តា​គី​បាន​លើកឡើងថាៈ លោក​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ហើយ​តែងតែ​ទិញ​ទឹក​គេ​ប្រើប្រាស់​ជា​រៀងរាល់ឆ្នាំ​។​

​ប្រជាពលរដ្ឋ​មួយរូប​ទៀត រស់នៅ​ភូមិ​វាល​ទ្រា​បានលើកឡើង​បន្ថែមថា បច្ចុប្បន្ន​គ្រួសារ​របស់​អ្នកស្រី​កំពុង​ជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ដាំ​ដំណាំ​មិនបាន​ផល​ដោយសារ​ខ្វះខាត​ទឹក​ស្រោចស្រព​ដំណាំ ហើយ​ថែមទាំង​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​គ្រួសារ​ប្រចាំថ្ងៃ​អត់​បាន​គ្រប់គ្រាន់​ទៀតផង​។​

សព្វថ្ងៃនេះ​បញ្ហា​ខ្វះខាត​ទឹក​កំពុងតែ​ក្លាយជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​អូរ​តា​គី​ទាំងមូល ទោះយ៉ាងណា ប្រជាពលរដ្ឋ​ក៏​សង្ឃឹមថា​លោក​មេឃុំ​និង​មាន​ដំណោះស្រាយ​បញ្ហា នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​ក្នុង​គ្រួសារ​ជាប្រចាំ​ថ្ងៃ និង​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់ ស្រោចស្រព​ដំណាំ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ផងដែរ​។​

អត្ថបទ៖ កញ្ញា ម៉ារីយ៉ាន