ក្រសួងវប្បធម៌ អំពាវនាវអាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធ និងយុវជន ចូលរួមផ្សព្វផ្សាយទិវានៃក្តីស្រឡាញ់ ចំនែកឯក្រសួងអប់រំ ចាត់វិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ

 

រៀលរាល់ឆ្នាំនៅទី១៤ ខែកុម្ភៈ ប្រទេសនៅលោកខាងលិចមួយចំនួន តែងប្រារព្ធធ្វើទិវានៃក្ដីសេចក្ដីស្រលាញ់ចំពោះឪពុកម្ដាយ អ្នកមានគុណ គូរសង្សារជាដើម ​ដើម្បីបញ្ចាក់ពីការស្រលាញ់ និងការដឹងគុណ ផងដែរ ។

ចំនែកឯនៅប្រទេសកម្ពុជាវិញ ក៏មានយុវជនមួយចំនួន បានប្រារព្ធ ទិវានៃក្ដីស្រលាញ់នេះ បានត្រឹមត្រូវ ស្របតាមប្រពៃណី​ ទំនាមទម្លាប់ ដូចជា ប្រារព្ធ ធ្វើ ចំពោះលោក អ្នកមានគុណ ឪពុក ម្ដាយ បងប្អូន ភរិយា​ស្វាមី និងមនុស្សជាទីស្រលាញ់ជាដើម។  តែក៏នៅមានយុវជនមួយចំនួន​តូច​បាន យកទិវានេះទៅប្រារព្ធ ខុស​ ពីវប្បធម៌ប្រពៃណី ទំនាមទម្លាប់ខ្មែរ ដោយពួកគាត់ យល់ថា​ ទិវានៃក្ដីស្រលាញ់នេះ ប្រារព្ធឡើង ដើម្បីគូរសង្សារ ឬដល់ថ្ងៃ១៤ កុម្ភៈ នេះ មានជូនកាដូដើម្បីដល់គូរស្នេហ៍ ដើម្បីឲ្យដៃគូររបស់ គេលះបង់ខ្លួនប្រាណ ដើម្បីបញ្ជាក់ការស្រលាញ់ ទំវើបែបនេះហើយធ្វើឲ្យមជ្ឃដ្ឋានមហាជនមួយចំនួនមានការព្រួយបារម្មណ៏ ។

ចំណែឯ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំក្រើនរំឮក ដល់បងប្អូនកូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ឱ្យស្របតាមគន្លងប្រពៃណីដ៏ស្រស់ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន ក្រុមគ្រួសារ ចូលរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។

រីឯក្រសួងអប់រំវិញ បានគូសបញ្ជាក់ ថា យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

ដើម្បីបន្តពង្រឹងការ អនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ សូមធ្វើការណែនាំ ស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រត្រី ក្នុងថ្ងៃ១៤ កុម្ភៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចតទៅ៖

១៖ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវា នៃក្ដីស្រឡាញ់។

២៖ ត្រូវពង្រឹងការអនុវត្តវិន័យ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។

៣៖ ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ដ»។

៤៖ ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ អប់រំណែនាំកែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕

អត្ថបទ ៖ ឈឿន ថៃកឿ