ប្រជាពលរដ្ឋពីរឃុំនៃស្រុកគាស់ក្រឡ ទទួលបានបឹងដ៏ធំមួយ ជាប្រភពទឹកសម្រាប់ប្រើប្រាស់

ប្រជាពលរដ្ឋ ស្ថិត ក្នុងឃុំចំនួនពីរ មាន១០ភូមិ នៃស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងមានប្រភពទឹក ប្រើប្រាស់ បន្ទាប់ពីមានបឹង ដ៏ធំមួយ ដែលមានឈ្មោះថា «បឹងសម្តេចក្រឡាហោម ស ខេង» ជាអំណោយ របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

បើតាម លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡលើកឡើងថា បឹងសម្រាប់ស្តុបទឹកដែលមានទទឹង ១០០ម៉ែត្រ បណ្ដោយ៣០០ម៉ែត្រ ជម្រៅ ៥ ម៉ែត្រ ដែលមានផ្ទៃសរុប ១៥០.០០០ ម៉ែត្រគូប ស្ថិតនៅឃុំព្រះផុស ដែលទឹកបឹងនេះនឹងអាចជួយឲ្យពលរដ្ឋចំនួន ២ឃុំ ស្មើនឹង១០ភូមិ មានទឹក ប្រើប្រាស់ ។

លោករំលឹកថាស្រុកគាស់ក្រឡ ក្នុងរដូវប្រាំងជារៀងរាល់ឆ្នាំ តែងតែជួបនូវការប្រឈមខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃ ហើយពួកគេក៏ត្រូវបានអាជ្ញាធរដឹកទឹកទៅចែក និងអន្តរាគមន៍នាំយកទឹកពី ប្រភពផ្សេងៗ បូមឲ្យបាន ប្រើប្រាស់ផងដែរ ។

ក្នុងឱកាសចុះពិនិត្យការបឹងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញអាជ្ញាធរស្រុកគាស់ក្រឡ ពន្លឿនការជីកស្រះទឹកនេះឲ្យឆាប់បានចប់រួចរាល់ ក្នុងខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីនាំទឹកភ្លៀងរដូវវស្សាចូលក្នងបឹងសម្តេចក្រឡាហោម ផ្ទុកសម្រាប់ប្រើប្រាស់ នៅរដូវប្រាំងឆ្នាំខាងមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ឆាប់បានប្រើប្រាស់ ប្រចាំថ្ងៃ កុំឲ្យពួកគាត់មានការលំបាកដូចសព្វដង ។

អត្ថបទ៖ លោក ញ៉ែម ចាន់