ប្រវត្តិ​នំ​បញ្ចុក​ខ្មែរ​

​តើ​អ្នក​ទាំងអស់គ្នា​ចូលចិត្ត​បរិភោគ​នំ​បញ្ចុក​ខ្មែរ​យើង​ដែរ ឬទេ​? តើ​អ្នក​ដឹងថា​នំ​បញ្ចុក​នេះ​មាន​ប្រវត្តិ​បែបណា​?
នំ​បញ្ចុក​មានឈ្មោះ ដើមថា​នំ​ប៉ែន​ចុ​ក គឺជា​នំ​ដែល​គេ​យក​ម្សៅ​សម្រស់​ទៅ​ស្ងោរ​ហើយ​បុក​លាយ ទឹក​រួច​យកទៅ​ចាក់​ក្នុង​ប៉ែន​ទើប​យក​ស្នូលឈើ​ចុក​សង្កត់ ដើម្បី​រោយ​ទម្លាក់​ជា​សរសៃ​ក្នុង​ទឹក​ពុះ​ឲ្យ ឆ្អិន ក្រោយមក​គេ​ស្រង់​ចាប់​ជា​ចង្វាយៗ ដាក់​ជាល​ឬ​កញ្ច្រែង ទុក​ឲ្យ​ស្រស់ទឹក​។

​បន្ទាប់មក គេ​ហៅ​កាត់ៗ​ថា នំ​បញ្ចុក​មិន​ខុស​អំពី​ពាក្យ​ខ្មែរ​ជាច្រើន ដោយបាន​ហៅ​កាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន​, ជាន់​ដើរ ក្លាយ​ជណ្ដើរ​, កាន់​ជ្រែង ក្លាយ​កញ្ច្រែង​, កាន់​ត្រក ក្លាយ​កន្ត្រក​, ពីរ​ថែម​ដប់ ក្លាយ​ពីរ​ដណ្ដប់​ជាដើម​។​

ខាងក្រោម​នេះ គឺជា​រឿងព្រេង​និទាន ដែល​ទាក់ទង​នឹង​ប្រវត្តិ​នំ​បញ្ចុក​៖

រឿង​នំ​បញ្ចុក​មាន​សេចក្ដី​ដំណាល​ថា នៅ​នគរ​ធា​រា​ធិបតី (​សព្វ​ថ្ងៃជា​តំបន់​ទន្លេសាប​) មាន​អ្នកស្រែ​ពីរ​នាក់​ប្តី​ប្រពន្ធ ធ្វើស្រែ​ស្រូវ​វារ​ដើម្បី​ចិញ្ចឹមជីវិត ព្រោះ​គាត់​រស់នៅ​តំបន់​ទឹក​លិច មិនអាច​ដាំ​ដំណាំ​ស្រូវ​ល្អ​ដូច​គេ​ដទៃទៀត​បាន​។ ​ស្រូវ​វារ ជា​ប្រភេទ​ស្រូវ​ដែល​ផ្ដល់​អង្ករ​បាយ​រឹង មាន​ពណ៌​ក្រហម​ទ្រង់​ផ្កាឈូក​បន្តិច ពេល​បុក​សម្រិត​រួចហើយ ដោយសារ​អង្ករ​នោះ រឹង​ពេក​ដាំបាយ​ឆី​មិនសូវ​ឆ្ងាញ់ អ្នកស្រែ​ក៏​បែកគំនិត​ធ្វើជា​នំ ឲ្យ​មាន​ជាតិ​ទន់​បន្តិច ដើម្បី​បរិភោគ​ស្រួល​ទំពា និង​ណាមួយ​ទៀត នៅ​តំបន់​ដែល​ពួកគាត់​រស់នៅ សំបូរ​ត្រី​ផង​ផងដែរ ទើប​នាំគ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ បង់​ត្រី​មក​ធ្វើជា​ប្រហុក ធ្វើ​ត្រីឆ្អើរ រក្សាទុក​បានយូរ សម្រាប់​ឆី​ជា​អាហារ​។ ម្យ៉ាង អង្ករ​ស្រូវ​វារ ជា​អង្ករ​ដែល​អ្នកស្រែ ដែល​អាច​យកមក​ធ្វើជា​នំ​បញ្ចុក​នេះ​បានល្អ ហើយ​បាន​ចំនួន​ច្រើនជាង​អង្ករ​ស្រូវ​ស្រែ​ធម្មតា​ទៀតផង​។​

​ថ្ងៃមួយ នា​រដូវប្រាំង ទំនេរ​ពី​ការងារ​នៅ​ស្រែ អ្នកស្រែ​ជា​ប្រពន្ធ បាន​បុក​អង្ករ​ស្រូវ​វារ បាន​បែកគំនិត យក​អង្ករ​ស្រូវ​វារ​នេះ ធ្វើជា​នំ​សរសៃ​ស ចាប់​ជា​ចង្វាយ រួច​ហើយក៏​ស្រូប​នឹង​ទឹក​សម្លប្រហើរ​ត្រីឆ្អើរ ដាក់​ប្រហុក ខ្ទិះដូង ថែម​ល្បោយ​បន្លែ ដែល​គាត់​បេះ​បាន​នៅតាម​វាលស្រែ ឬ​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ​។​ លុះ​អ្នកស្រែ​ជា​ប្ដី​ពិសា​ហើយក៏​កើត​ជំងឺ​រាគរូស ព្រោះ​នំ​បញ្ចុក​នោះ ធ្វើ​អំពី​អង្ករ​ត្រាំ​ទឹក​យូរ មួយវិញទៀត ដោយសារ​បន្លែស្រស់​ខ្លះ​បេះ​ពី​ព្រៃ​មាន​ជីវជាតិ​ជូរ ឬ​ត្រជាក់ ដូចជា​ល្ហុង ត្រួយ​ត្រកួន​ស្រស់ ត្រួយ​ក​ន្ធំ​ថេត ផ្កា​កំ​ប៉ោក ផ្កាស្នោ​ជាដើម ទើប​អ្នកស្រែ​ជា​ប្រពន្ធ​បែកគំនិត បន្ថែម​ត្រយូងចេក ជា​ជំនួយ ជា​ល្បោយ​នំ​ពិសា​ហើយ ក៏​លែង​ការ​រាគរូស​ដូច​មុន​ទៀត​។

​ពួកគាត់​ទាំងពីរ​នាក់​បាន​ប្រតិស្ឋ​នាម ឲ្យ​នំ​នោះ​ឈ្មោះថា នំ​សរសៃ​ស្រូវ​វារ នៅពេលដែល អ្នកស្រែ​យើង ធ្វើ​នំ​សរសៃ​ស្រូវ​វារ​នេះ​ម្ដងៗ ហើយ​ពួកគាត់​តែងតែ​យក​ម្រាមដៃ ជា​ច​ង្កើះ ស្រវា​ចាប់​នំ​បរិភោគ បញ្ចុក​ចូល​មាត់​ជា​ទម្លាប់​ធម្មតា តាម​ជីវភាព​រស់នៅ​បែប​អ្នកស្រែ​ក្រីក្រ និង​តែងតែ​ដួស​ផ្ញើ​ញាតិសន្ដាន​ក្នុងភូមិ​ឲ្យ​ពិសា​ឆ្ងាញ់​មាត់​គ្រប់គ្នា​ផងដែរ ។ លុះ​អ្នកភូមិ​បាន​ភ្លក់​ស្នាដៃ​របស់​ពួកគាត់​ហើយ​ឃើញថា​ឆ្ងាញ់ អ្នកស្រុក​ក៏បាន​មកសុំ​រៀន​ក្បួន​ធ្វើ​នំ និង​ក្បួន​ធ្វើ​ទឹកស​ម្ល​ស្រូប​ពី​គាត់ ដើម្បី​យកទៅ​ផ្សំ​ឆ្នៃ​ធ្វើ​ទឹកស​ម្ល​កំដរ​នំ​ឆី​តាម​ផ្ទះ តាម​ភូមិ តាម​ចំណូលចិត្ត​រៀងៗ​ខ្លួន​ជា​បន្តៗ​រៀងមក​។​

​លុះ​អ្នក​ទាំងពីរ​ចាស់ជរា​បន្តិច​ទៅ អ្នកស្រែ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ មិនអាច​ប្រក​បរបរ​ធ្វើស្រែ​បាន ព្រោះ​គ្មាន​កូនចៅ​បន្តការងារ​ក្នុង​ស្រែ​ជំនួស​ពួកគាត់​បាន អ្នក​ទាំងពីរ​ក៏​ដូរ​មុខរបរ មក​រែក​នំ​បញ្ចុក​នេះ លក់​តាម​ភូមិ​តិចតួច ដើម្បី​ចិញ្ចឹមជីវិត​រៀងរាល់ថ្ងៃ តាម​ដំណើរ​ជីវិត​សុចរិត​របស់​ពួកគាត់​។​ ​ដល់​នៅ​ថ្ងៃមួយ មាន​រាជកុមារ​វ័យ​ប្រមាណ ៧​វស្សា នាំ​ពល​សេនា​ជិះសេះ​ដើរលេង នៅតាម​ស្រុកភូមិ ក៏បាន​ប្រទះឃើញ អ្នកស្រុក​ចោមរោម អ្នកស្រែ​លក់​នំ​សរសៃ​ស្រូវ​វារ​នេះ ហើយ​អួតថា​ឆ្ងាញ់​មាត់​គ្រប់គ្នា រួច​រាជកុមារ​ក៏​ចង់​សាកមើល​នឹង​គេ​ដែរ តែ​ដោយ​តំបន់​នោះ មាន​ភាពក្រីក្រ គេ​ឆី​នំ​សរសៃ​ស្រូវ​វារ​នេះ​នៅ​នឹង​ម្រាមដៃ​គ្រប់ៗ​គ្នា ម្ល៉ោះហើយ​រាជកុមារ​ក៏​ប្រែចិត្ត​រារែក មិន​ហ៊ាន​សាកល្បង ព្រោះ​ខ្លាច​ប្រឡាក់​ដៃ​។ រីឯ​អ្នកស្រែ​ទាំងពីរ​នាក់ កាលបើ​បានដឹងថា រាជកុមារ​ចង់​សោយ​នំ​របស់ខ្លួន ក៏​ទូល​សុំ​ឲ្យ​ស្នំ​ឯក ដែលជា​មេដោះ​របស់​រាជកុមារ យកដៃ​ចាប់​នំ​សរសៃ​ស្រូវ​វារ​ទៅ​បញ្ចុក​រាជកុមារ​នោះ​។ ដោយ​ការ​ចង់ដឹង នូវ​រសជាតិ​សម្ល​ដ៏​សែន​ឈ្ងុយ​ឈ្ងប់​ប្លែក​ពី​ធម្មតា រាជកុមារ​ក៏​យល់ព្រម​ឲ្យ​ស្នំ​ឯក​បញ្ចុក​។

​ពេលនេះ រាជកុមារ​ក៏មាន​សេចក្ដីសោមនស្ស​នឹង​រស​ជាតិ​នំ​សរសៃ​ស្រូវ​វារ​ដ៏​ឆ្ងាញ់​មួយ​ចាន​នោះ ក្រៃលែង ព្រមទាំង​ប្រទាន​រង្វាន់​មួយចំនួន​ដល់​អ្នកស្រែ​ដែល​ធ្វើ​នំ​ឆ្ងាញ់​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​។​ នៅពេល​រាជកុមារ យាង​ត្រឡប់​ទៅ​រាជវាំង​វិញ ក៏​តែងតែ​ទទូច​ឲ្យ​ព្រះ​មាតា តាមរក​ទិញ “​នំ​ដែល​ស្នំ​បញ្ចុក​” នោះ​ពី​អ្នកស្រែ យកមក​សោយ​នៅក្នុង​រាជវាំង​។ ដោយសារ​ខ្ជិល​ដេញ​ស្នំ​ឲ្យ​រត់​ទៅ​ទិញ​នំ ពី​អ្នកស្រែ​នោះ​ជា​រៀងរាល់​ព្រឹក ក៏​ឲ្យ​រាជបុត្រ​ជាទី​ស្រឡាញ់​ព្រះរាជ​មាតា​បញ្ជា ឲ្យ​សេនា ទៅ​គាស់​ហៅ អ្នកស្រែ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នោះមក​ធ្វើ​នំ​សម្រាប់​រាជកុមារ​សោយ​ជាប្រចាំ​ក្នុង​រាជវាំង រៀងរហូត​ទៅ​។  សំណេរ​តម​ក​ឈ្មោះ “​នំ​សរសៃ​ស្រូវ​វារ​” ក៏​លែងមាន​នរណា​ហៅ​តទៅទៀត​ដែរ គឺ​គេ​ទម្លាប់​នាំគ្នា ហៅថា “​នំ​ដែល​ស្នំ​បញ្ចុក​” ជា​ជំនួស​វិញ​យ៉ាង​មាន​ប្រជាប្រិយ តែ​យូរៗ​ក្រោយមកទៀត ក៏ត្រូវ​គេ​ហៅ​កាត់ៗ​ខ្លីៗ​ថា “​នំ​បញ្ចុកៗ​” បន្ត​រៀងរហូត​មកដល់​សព្វ​ថ្ងៃនេះ​៕

អត្ថបទ៖ លោក សួស សុភ័ក្រ