រដ្ឋបាលខេត្ត​បាត់ដំបង​រៀបចំ​ទិវា “​សប្តាហ៍​ជាតិ សុវត្ថិភាព​ចរាចរណ៍ លើក​ទី​១២”

ក្នុងនាម​រដ្ឋបាលខេត្ត និង ជា​អនុគណៈកម្មាធិការ​ជាតិ សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង សូម​អំពាវនាវ ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ចូលរួម​អនុវត្ត តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្ងៃនេះ​ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។​

នេះ​ជា​ប្រសា​ស​ន៏ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណ​អភិបាលខេត្ត​បាត់ដំបង ថ្លែង​ក្នុង​ទិវា សប្តាហ៍​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១២ នៅ​សាលាខេត្ត កាលពី​ថ្ងៃទី ២៨ ខែ​ឧ​ភា​នេះ​។ ឯកឧត្តម​បាន​បន្តទៀតថា ជាមួយគ្នានេះ ត្រូវ​ចូលរួម​អនុវត្តន៍​នូវ​វិធានការ ១​ចំនួន រួមមានៈ​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ដាច់ខាត , មិនត្រូវ​បើកបរ​ស្ថិតក្រោម គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង​ដាច់ខាត , ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច និង ត្រូវ​បើកបរ​ដោយ​ប្រុង​ប្រ​យ័​ត្ត​ជាដើម​។​

សូមប​បញ្ជាក់ថា យោងតាម​របាយការណ៍​សង្ខេប របស់​ការិយាល័យ ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ង​ទី ១៥ ខែ មេសា មកដល់ ថ្ងៃទី ២៥ ខែ ឧសភា​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្តបាត់ដំបង កើតមានឡើង ៣៨ លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់់ ១៦ នាក់ របួសធ្ងន់ ៣២ នាក់ ស្រាល​២០​នាក់ ភាគច្រើន​ជា​យុវជន បើ​ប្រៀបធៀប​ទៅ និង ខែ​មុន គឺមាន​ការកើនឡើង គួរអោយ​ព្រួយបារម្ភ​។

ពី​ធី​នេះ​ត្រូវ​បានបញ្ចប់ ក្រោយពី​គណៈអធិបតី ចែកជូន​មួក​ការពារ សុវត្ថិភាព ដល់​យុវជន​រួចមក​។

អត្ថបទ​៖ លោក ម៉ូត វោ​យ​ហូ