រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ថវិកា ១៦៦​លាន​ដុល្លារ ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត ក្នុង​ការអនុវត្ត​សេវា​សុខាភិបាល​

​ថវិការ​ប្រមាណ​១៦៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​រាជ​រដ្ឋា ភិបាល​កម្ពុជា​ទម្លាក់​អោយរដ្ឋបាល​រាជធានី​-​ខេត្ត ដើម្បី​អនុវត្តន៍​លើ​វិស័យ​សុខាភិបាល​។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក្នុងឱកាស​ដាក់អោយ​ដំណើរការ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃទី​០៣​ខែមិថុនា នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ត្រូវបាន​គេហទំព័រ​ល្បី​ក្នុងស្រុក​ដកស្រង់​សម្តី​យ៉ាង​ដូច្នេះ​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល ដាក់ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត នា​ចុងឆ្នាំ​២០១៩​កន្លងមក និង​ផ្អែក​តាម​របាយការណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​បាន​រួមគ្នា​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត និង​បាន​អនុវត្ត​កិច្ចការ​អាទិភាព​ចាំបាច់​មួយចំនួន ដើម្បី​ធានា​ដល់​ការចាប់ផ្តើម​អនុវត្ត​អនុក្រឹត្យ​នេះ ។​

​ដែល​ក្នុងនោះ រួមមាន ការផ្ទេរ​បុគ្គលិក​សុខាភិបាល​ចំនួន​ជាង​២​ម៉ឺន​នាក់ ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​សាមី​នី​មួយៗ និង​ការដាក់ចេញ​នូវ​ប្រកាស​អន្តរក្រសួង ស្តីពី​ការផ្ទេរ​ថវិកា​ចំនួន​ប្រមាណ ១៦៦​លាន​ដុល្លារ ទៅឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​សម្រាប់​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​លើ​ការអនុវត្ត​មុខងារ​ផ្តល់​សេវា​សុខាភិបាល ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​»​។​
​សម្តេច​ក្រឡាហោម បាន​បន្ថែមថា ទោះបី​កម្ពុជា​បាន​និង​កំពុង​ជួប​នូវ​ស្ថានភាព​លំបាក ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា អនុវត្ត​វិធានការ​នានា ដើម្បី​ការពារ​ទប់ស្កាត់ ពី​ការឆ្លង​ជំងឺ​នេះ​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល នៅតែ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុងការ​ចាត់​វិធានការ​យ៉ាង​ទាន់ពេលវេលា ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ដ៏​លំបាក ទាំង​ការ ការពារ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ និង​ការព្យាបាល​អ្នកជំងឺ​នេះ និង​បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត និង​កិច្ច​ការ​ចាំបាច់​នានា ពាក់ព័ន្ធ​នឹង​ការផ្ទេរ​បុគ្គលិក ការផ្ទេរ​ថវិកា និង​ការប្រព្រឹត្តទៅ​របស់​មន្ទី​រ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម គ​.​ជ​.​អ​.​ប​. សម្ដេច​ក្រឡាហោម​បានបញ្ជាក់​ជាថ្មី អំពី​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុងការ បន្ត​អនុវត្តន៍ ឲ្យ​កាន់តែ​ស៉ី​ជម្រៅ​នូវ​កំណែទម្រង់​វិមជ្ឈការ ដើម្បី​រួមចំណែក​ជំរុញ​ល្បឿន នៃ ការអភិវឌ្ឍ​ប្រទេសជាតិ និង​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​មាន​ភាព ចម្រើន​រុងរឿង​៕​