គ្រាន់តែក្នុងរយៈពេល១៨ថ្ងៃសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនមេខ្សល់ចំនួន ១៨នាក់បញ្ជូនទៅកាន់តុលាការ

អ្នកស្រី រស់ជីវី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបន្ទុកការជួញដូរ មនុស្សនិងការពារអនិតិជន បានអោយដឹងថា រយៈពេល១៨ថ្ងៃ ចាប់ពីដើមខែកុម្ភៈ មកទល់ថ្ងៃ ទី១៨ខែកុម្ភៈ សមត្ថកិច្ចជំនាញបានចាប់ឃាតខ្លួនមេខ្សល់ដែលនាំពលករចេញ ចូលទៅប្រទេសថៃចំនួន១១ករណី ដែលមានមេខ្សល់ចំនួន១៨នាក់ក្នុងនោះស្រ្តីម្នាក់ បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ។
អ្នកស្រីស្នងការរងបញ្ជាក់បន្ថែមថា មេខ្សល់ទាំង១៨នាក់នេះត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួននៅតាមស្រុកព្រំដែនខេត្តបាត់ដំបងចំនួនពីរ គឺស្រុកសំពៅលូន និង ស្រុកកំរៀង
ដែលក្រុមមេខ្សល់ទាំង១៨នាក់នេះ បាននាំពលករបម្រុងឆ្លងដែនខុសច្បាប់ចំនួន ៨៣នាក់ ក្នុងនោះស្រ្តី៣៦នាក់ ក្មេង៥នាក់ ដែលក្រុមពលករនេះត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករួចរាល់ហើយ ។

យោងតាមប្រសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល អ្នកស្រីបញ្ជាក់ថាកម្លាំងជំនាញ បានប្រឹង ប្រែងយ៉ាងខ្លាំងដើម្បីបង្រ្កាបនិងទប់ស្កាត់មេខ្សល់ដែលនាំពលករឆ្លងដែនខុសច្បាប់ចេញចូលទៅប្រទេសថៃ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ចូលសហគមន៍ ។ ភី សុខ