ពលរដ្ឋនៅខេត្តបាត់ដំបង ជិត២០ម៉ឺននាក់ហើយទទួលបាន វ៉ាក់សាំង

Phy Sok, [26.07.21 10:43]

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្ត បាននិងកំពុងដំណើរការចាក់វ៉ាក់សាំង ការពារឆ្លងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ហើយរហូតមកដល់ពេលនេះ អ្នកបានចាក់មានជិត ២០ម៉ឺននាក់ លើផែនការត្រូវចាក់ចំនួនប្រមាណជាង ៧០ម៉ឺននាក់ ។

 

នៅក្នុងរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តបាត់ដំបង កាលពីវគ្គទី១ សម្រាប់មន្ត្រីរាជការ កងកម្លាំង អ្នកមានអទិភាព និងគ្រួសារអតីតយុទ្ធជន សរុបចំនួន ៤១ ៦៥៤នាក់ ហើយចាក់វគ្គទី២ ជូនប្រជាពលរដ្ឋទូទៅចំពោះវ៉ាក់សាំងប្រភេទ Sinopharm បានចំនួន ៩៨ ៧៨៨នាក់ និងការចាក់វ៉ាក់សាំងប្រភេទ Sinovac បាន ៥០ ១២៥នាក់ សរុបរហូតមកដល់ពេលនេះ អ្នកបានចាក់វ៉ាក់សាំងចំនួន ១៩០ ៥៦៧នាក់ ។


បច្ចុប្បន្នក្រៅពីក្រុងបាត់ដំបង និងស្រុកចំនួន៥ទៀត មានស្រុកមោងឫស្សី ស្រុកថ្មគោល ស្រុកបាណន់ ស្រុកឯកភ្នំ និងស្រុកសំពៅលូន អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្តកំពុងដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួនទៀតនៅទូទាំងខេត្ត ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា សម្រាប់ខេត្តបាត់ដំបងនឹងទទួលបាននូវវ៉ាក់សាំងបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល នូវវ៉ាក់សាំងជិត ៦០ម៉ឺនដូស ដើម្បីចាក់ជូនពលរដ្ឋ និងកម្មករ ក្នុងស្រុកគោលដៅចំនួន៨ទៀត សរុបចំនួន ២៧០ ៨០៤នាក់ ក្នុងនោះកម្មករកម្មការិនី ចំនួន៤ ១០០នាក់ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺនេះ ចំនួន២ ៥២៤នាក់ បានព្យាបាលជាសះស្បើយសរុប ១៥៥៩នាក់ ករណីស្លាប់ ២៨នាក់ និងកំពុងសំរាកព្យាបាល ៩៣៧នាក់ ។

ដោយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥៥នាក់ សុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយចំនួនអ្នកឆ្លងនេះ គឺខ្ពស់ជាពេងលណាៗទាំងអស់ដែលត្រូវបានរកឃើញឆ្លងនៅក្នុងខេត្តនាពេលកន្លងមក ខណៈនៅថ្ងៃដដែលនេះ មានអ្នកជាសះស្បើយចំនួន ៨៦នាក់ ៕ភី សុខ