គួរអោយអាសូរ! ក្មេងប្រុសអាយុ៣ឆ្នាំ លង់ទឹកអណ្តូងស្លាប់ខណៈម្តាយរវល់លក់ចាប់ហួយ

សមត្ថកិច្ចអោយដឹងថាក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ត្រូវបានម្តាយប្រទះឃើញស្លាប់ក្នុងអណ្តូងទឹកក្រោយផ្ទះ ក្រោយពីម្តាយរវល់លក់ចាប់ហួយនៅមុខផ្ទះមួយភ្លេត កាលពីព្រឹកថ្ងៃទី ០២ខែឧសភា ឆ្នាំ ២០២១ នៅចំណុចភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។
នាយនគបាលប៉ុសរដ្ឋបាលឃុំរាំងកេសី លោក នីប៊ុនថា បានអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ សំអឿន សៀវហ៊ូ អាយុ ៣ឆ្នាំ បានធ្លាក់ទឹកអណ្តូងជម្រៅជាងមួយម៉ែត្រក្រោយផ្ទះរបស់ខ្លួនចម្ងាយប្រហែល៣០ម៉ែត្រ ស្ថិតនៅចំណុចកើតហេតុខាងលើ។


បើតាមម្តាយក្មេងរងគ្រោះបញ្ជាក់ថា នៅព្រឹកកើតហេតុមានអ្នកភូមិមកទិញគ្រឿងចាប់ហួយដែលគាត់លក់មុខផ្ទះ ហើយកូនប្រុសរបស់គាត់នៅលេងជណ្តើរផ្ទះ នៅពេលដែលគាត់រវល់លក់ប្រហែល២០នាទី បានដើរមករកកូន នៅជណ្តើរមិនឃើញ ក៏ដើររកជុំវិញផ្ទះនិងក្រោយផ្ទះ ក៏ស្រាប់តែប្រទះឃើញស្បែកជើងកូនរបស់គាត់អណ្តែតក្នុង ទឹកអណ្តូង គាត់មានការសង្ស័យក៏ទៅហៅជីតាក្មេងរងគ្រោះ អោយមកចុះរាវ ក៏ឃើញកូនលង់ទឹកស្លាប់តែម្តង ។

មន្រ្តីរដ្ឋបាលប៉ុសខាងលើបានបញ្ជាក់ថាក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យសាកសពក្មេងរងគ្រោះ ឃើញថាពិតជាលង់ទឹកស្លាប់ប្រាកដមែន ហើយបានប្រគល់អោយគ្រួសារសពរៀបចំពិធីបុណ្យតាមប្រពៃណី ៕

អត្ថបទ លោក ភី សុខ