ការកាប់​ទន្ទ្រាន​យក​ដីព្រៃ​សហគមន៍ និង ដីព្រៃ​លិច​ទឹក ត្រូវបាន​លើក​មក​ពិភាក្សា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​៣

​យោងសេចក្តី​ព្រាង​របាយ​ការណ៍ របស់​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង ប្រចាំខែ​កក្កដា បានបង្ហាញ​ពី​បញ្ហា ប្រឈម នានា ក្នុងនោះ ការកាប់​ទន្ទ្រាន​យក​ដីព្រៃ​សហគមន៍ នៅតែ​កើតមាន ស្ថិតនៅ​ស្រុក​រុក្ខ​គី​រី សំឡូត បាណន់ រត​មណ្ឌល និង កំរៀង ។ លើសពីនេះ ក៏មាន ការ​លួច​រាន​ឈូសឆាយ ហ៊ុមព័ទ្ធ​ដីព្រៃ​លិច​ទឹក ខុសច្បាប់ ស្ថិតនៅ​ថ្មគោល , មោង​ឬ​ស្សី​, ឯក​ភ្នំ និង​សង្កែ ។ បញ្ហា​នេះ ត្រូវបាន យកមក​ប្រជុំពិភាក្សា ក្នុង​ក្រុមប្រឹក្សា​ខេត្ត លើក​ទី ៣ នា​ថ្ងៃទី ១៤ សីហា ឆ្នាំ ២០១៩ ។

បើតាម មតិ​លើកឡើង របស់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត បញ្ហា​នេះ ត្រូវតែ​បង្កើត​យន្តការ ជាក់លាក់ និង​មាន​ប្រសិទ្ធភាព ។
​បើតាម​ការបំភ្លឺ​ពី​អង្គភាព​ពាក់ព័ន្ធ ចំពោះមុខ​អង្គប្រជុំ តំណាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ឱ្យដឹងថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ចុះទៅ​ហាម​ឃាត អ្នករាន​ព្រៃ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​ទាំងនោះ ប៉ុន្តែ​ហាក់​មិន​ទទួលបាន ប្រសិទ្ធភាព​នោះទេ ។

លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង តំណាង​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ ក្នុង​អង្គប្រជុំ​ថា បញ្ហា​នេះ គណៈ​អភិបាលខេត្ត​បានរៀបចំ​បង្កើត គណកម្មការ​ថ្មី ក្នុងការ​គ្រប់​គ្រង់​ដី​របស់​រដ្ឋ ដើម្បី​ដកហូត​ដី​រដ្ឋ​មកវិញ​។

ទោះយ៉ាងណា​ការពិភាក្សា ទាក់ទង​បញ្ហា​ប្រឈម​នេះ បើតាម​ការលើកឡើងរ​បស់ ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​ថ្លែងថា និង លើកយក​បញ្ហា​នេះ ទៅ​ប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃទី ២៣ ខាងមុខ ដើម្បី​ពិភាក្សា​ដោះស្រាយ ចំពោះ​អ្នកការ​ទន្ទ្រាន យក​ដី​រដ្ឋ ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន ។

អត្ថបទ៖ លោក ញ៉ែម ចាន់