ខេត្តបាត់ដំបង វត្ថុតាងគ្រឿងញៀនប្រមាណ ជាង ៦០ គីឡូក្រាមត្រូវបានរៀបចំពិធីដុតបំផ្លាញ តាមអំណាចសាលក្រមសាលដីកាស្ថាពររបស់សាលាដំបូងខេត្ត ចំនួន ៦ ខេត្ត ។

Chhong សាន់ ឈង, [29.07.21 13:59]

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២១ និងពិធី ដុតបំផ្លាញវត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រមសាលដីកាស្ថាពរ របស់សាលាដំបូងខេត្តចំនួន ៦ គឺ: ខេត្តពោធិ៍សាត់,បាត់ដំបង , ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, និងខេត្តសៀមរាប មានចំនួន ជាង ៦០ គីឡូក្រាម ( ក្នុងនោះខេត្តបាត់ដំបង មាន ជាង ៤០ គីឡូក្រាម )។ ពិធីនេះបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នៅទីលានបាល់ទាត់ វាលបែកចាន ក្រុង- ខេត្តបាត់ដំបង ក្រោមធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ,ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង ជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត, ឯកឧត្តម សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង,និង ឯកឧត្ដម នួន សាន អគ្គព្រះរាជអាជ្ញាមហាអយ្យការសាលាឧទ្ធរណ៍បាត់ដំបង ។

ព្រមទាំងមានការអញ្ចើញចូលរួមពី ឯកឧត្តម ប្រធានសាលាដំបូងខេត្ត, ឯកឧត្តម អគ្គព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត,ឯកឧត្ដម អភិបាលរងខេត្ត, ឯកឧត្តម មេបញ្ជាការកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព និងមន្ត្រីពាក់ព័ន្ធ ក្នុងខេត្ត ទាំង ៦ ។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២១ ឆ្នាំ នេះក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀនគឺជួយសង្គ្រោះជីវិត ” ។

ការប្រារព្ធពិធី ដ៏មានសារៈសំខាន់នេះជាការអនុវត្តបន្ត អប់រំផ្សព្វផ្សាយដល់មនុស្សជាតិទាំងមូល ជាពិសេសស្រទាប់យុវវ័យឲ្យយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ ដែលបង្កឡើងដោយគ្រឿងញៀន ក៏ដូចជាដើម្បីសម្តែង នូវឆន្ទៈនិងបំផុសចលនាចូលរួមប្រយុទ្ធប្រឆាំង ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន។

នៅក្នុងប្រទេសកម្ពុជា បញ្ហាគ្រឿងញៀនបច្ចុប្បន្ននៅតែជាការព្រួយបារម្ភ របស់ប្រជាពលរដ្ឋ ក៏ដូចជា រាជរដ្ឋាភិបាល ព្រោះថាមុខសញ្ញា នៃការប្រព្រឹត្តមិនថាតែនៅទីក្រុង ឬជនបទឡើយវាបានបង្កឲ្យមាន អសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម អំពើហិង្សា ចោរកម្ម ឧក្រិដ្ឋកម្ម បាត់បង់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ អ្នកប្រព្រឹត្តិ រងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ជីវភាពក្រុមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ ដែលជាក្តីកង្វល់ និងជាបន្ទុក ដ៏ធ្ងន់ធ្ងររបស់អាណាព្យាបាលក្រុមគ្រួសារ ក៏ដូចជារាជរដ្ឋាភិបាលត្រូវប្រឈមមុខដោះស្រាយ ។

ថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ ២០២១

ស . ឈ