ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ២០១៧

ក្នុង​សុន្ទរកថា ឯកឧត្តម ងួន រតនៈ អភិបាល នៃ អភិបាលខេត្ត​បាត់ដំបង ថ្លែង​ក្នុង​ពិធី​ប្រារព្ធ ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ២០១៧ នៅ​សួន​នាគ​សន្តិភាព បាន​បញ្ជាក់​ពី​គោលបំណង​នៃ​កម្មវិធី​នេះ គឺ​បំផុសគំនិត ដាស់​អារម្មណ៍ អប់រំ​ផ្សព្វផ្សាយ ដល់​មន្ត្រីរាជការ បុគ្គលិក កម្មករ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សិស្ស​និស្សិត បរិស័ទ​សាសនា និង ប្រជាពលរដ្ឋ​ទាំងអស់ ​ធ្វើការ​សំអាត​ទីក្រុង ជនបទ​គ្រប់​ទីកន្លែង និង បង្កើន​ការចូលរួម យល់ដឹង​អំពី​សភាព​ការ​បរិស្ថាន ពិភពលោក បរិស្ថាន​តំបន់ នយោបាយ​បរិស្ថាន​ជាតិ ព្រមទាំង​មាន​ការចូលរួម អនុវត្តន៍​ឲ្យបាន​ខ្លាំងខ្លា​តាម​គោលនយោបា​យយុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ ច្បាប់ និង បទ​បញ្ញតិ្ត​ផ្សេងៗ របស់​​រាជរដ្ឋាភិបាល ស្តីពី​កិច្ច​គាំពារ ច្បាប់​មូលដ្ឋាន និង ការគ្រប់គ្រង ធនធានធម្មជាតិ ឲ្យមាន​និរន្តរភាព និង ភាព​ស្ថិតស្ថេរ សម្រាប់​លើកស្ទួយ ដល់​សុខុមាលភាព​សង្គម និង អភិវឌ្ឍន៍​ប្រទេស ឲ្យមាន​ភាព រីកចំរើន លើ​គ្រប់​វិស័យ​។​
​សុន្ទរកថា បាន​បន្តទៀតថា ថ្មីៗ​នេះ​ក្រុង​បាត់ដំបង ទើប​ទទួលបាន​ពានរង្វាន់​និរន្តរភាព បរិស្ថាន​អាស៊ាន នៅ​ទីក្រុង វៀង​ចាន់ ប្រទេស​ឡាវ និង ទទួលបាន​ពានរង្វាន់ ផ្ការំដួល​បី​ទង ដោយ​ជាប់​ចំណាត់ថ្នាក់ ទីក្រុង​ស្អាត ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​អត្ថបទ​៖ ម៉ូត វ៉ោយ​ហូរ​