ការ​ចែក​អំណោយ​ដល់​សិស្ស នៅ​សាលាបឋមសិក្សា​ដូន​មា​យ និង​ដំណោះស្រាយ​ផ្លូវ​

​​នៅ​ព្រឹក​ថ្ងៃ ទី​២៩ ខែ មករា ឆ្នាំ​២០១៨​នេះ ក្នុង​បរិវេណ សាលាបឋមសិក្សា ដូន​មា​យ ភូមិ​ដូន​មា​យ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង គឺ​មាន​ការ​ចែក​អំណោយ​ដល់​សិស្ស នូវ​សម្ភារៈ​សិក្សា និង​សម្ភារៈ​កីឡា​មួយចំនួន​។ ពិធី​ចែក​អំ​ណាយ​នេះ ធ្វើឡើង​ក្រោម​ការឧបត្ថម្ភ ពី​ក្រុមហ៊ុន បាត់ដំបង ខន​ស៍ ស៊ី​មេន ខម​ភេ​នី លី​មី​ធី​ត និង​មាន​ការចូលរួម​ពី​សំណាក់ អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនោះ​។​

​លោក សក្តិ សំណាង នាយក​សាលា បឋមសិក្សា​ដូន​មា​យ បាន​លើកឡើង​ថា​៖ ក្នុងនាម​លោក​តំណាង​ឲ្យ​សិស្ស​នៅ​ទីនោះ គឺ​ពិតជា​មាន​ទឹកចិត្ត​សប្បាយរីករាយ ចំពោះ​ពិធី​ចែក​អំណោយ​នេះ ព្រោះ​សិស្ស​ភាគច្រើន គឺ​មាន​ជីវភាព​ក្រីក្រ ខ្វះខាត​នូវ​សម្ភារៈ​សិក្សា​ជា​ការចាំបាច់​។ ទន្ទឹមនឹងនេះ លោក​ក៏​បាន​សំណូមពរ ក្រុមហ៊ុន និង អាជ្ញាធរ​មូលដ្ឋាន ជួយ​ដោះស្រាយ អភិវឌ្ឍន៍​ផ្លូវ​ធ្វើដំណើរ​ទៅ​សាលាបឋមសិក្សា​ដូន​មា​យ ឲ្យបាន​ល្អប្រសើរ​ឡើង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​សិស្ស និង​គ្រូ​បង្រៀន​នៅ​ទីនោះ ព្រោះ​ផ្លូវ​មាន​ភាពលំបាក និង​ប្រឈម​ខ្លាំង​នៅ​រដូវវស្សា​។​

​ក្នុងនោះ ខាង​តំណាង​ក្រុមហ៊ុន បាត់ដំបង ខន​ស៍ ស៊ី​មេន ខម​ភេ​នី លី​មី​ធី​ត មានប្រសាសន៍ថា​៖ ការ​ចែក​អំណោយ​នេះ ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​នៅ​ទីនោះ ឲ្យខិត​ខំ​ប្រឹងប្រែង​រៀនសូត្រ និង​សម្រួល​ដល់​តម្រូវការ​សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ​ផងដែរ​។ ដោយឡែក លោក​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​ធ្វើដំណើរ​ទៅ​សាលាបឋមសិក្សា​ដូន​មា​យ ក្រុមហ៊ុន​នឹង​យក​ទៅ​ពិចារណា ថា​តើ​អាចជួយ​សម្រួល​ដល់​កម្រិត​ណា​?

​ចំណែក លោក ឥ​ន្ទ សៅ​ឫទ្ធិ អភិបាល ស្រុក រតនៈមណ្ឌល  បាន​មានប្រសាសន៍ថា​៖ គឺ​មាន​ភាពល្អប្រសើ​រយ៉ា​ង​ខ្លាំង ចំពោះ​ការផ្តល់​អំណោយ​ដល់​សិស្ស​នៅ​ទីនោះ ពី​សំណាក់​ក្រុមហ៊ុន បាត់ដំបង ខន​ស៍ ស៊ី​មេន ខម​ភេ​នី លី​មី​ធី​ត ជា​ផ្នែក​មួយ​រួម​ចំណែក​នៅ​វិស័យ​អប់រំ​ក្នុងស្រុក​។ ម្យ៉ាងវិញទៀត ឆ្លើយតប​នឹង​តម្រូវ​របស់​សិស្ស និង​គ្រូ​បង្រៀន​នៅ​ទីនោះ ចំពោះ​បញ្ហា​ផ្លូវ ក្នុងនាម​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន នឹង​គិតគូ​ឡើងវិញ ហើយ​ក៏​សំណូមពរ​ឲ្យមាន​ការជួយ​សហ​ការពីក្រុ​ម​ហ៊ុន​ខាងលើ​ផងដែរ​។​

​គួរបញ្ជាក់​ថា សាលាបឋមសិក្សា​ដូន​មា​យ ត្រូវបាន​កសាង​ឡើង​ក្នុង​ឆ្នាំ ​២០១៦ ជា​សាលា​ដាច់​ស្រ​មាល​ពី​ឃុំ ដែល​បច្ចុប្បន្ន មាន​សិស្ស​សរុប​ប្រុស​ស្រី ចំនួន​៩៥ នាក់ ដែល​ភាគរយ​នៃ​សិស្ស​ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី មាន​ការថយចុះ ព្រោះ​បញ្ហា​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ ឈានដល់​ការ​បោះបង់​ការសិក្សា​។​

​អត្ថបទ ហ៊ាន វាសនា​