រដ្ឋលេខាធិការ​ក្រសួង​ការងារ​៖ អ្វីដែល​ធ្វើអោយ​យើង​ក្រ គឺ​អវិជ្ជា​

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សង្កត់ធ្ងន់ លើ​ភាពក្រីក្រ បណ្តាល​មកពីរ​ចំនុច គឺ​សង្គ្រាម និង ភាពអវិជ្ជា​។ ការលើកឡើង​បែប​នេះ ក្នុង​ពិធី​សំណះសំណាល ជាមួយ​លោកគ្រូ អ្នកគ្រូ នៅ​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង ថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០១៨ ។​

​ឯកឧត្តម​បណ្ឌិត ពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​សង្កាត់​ធ្ងន់​ថា​៖ អ្វីដែល​ធ្វើអោយ​យើង​ក្រ គឺ​អវិជ្ជា​។ ឯកឧត្តម​ថ្លែង​ដូច្នោះ មានន័យ​ថា ខ្វះ​ចំណេះដឹង​ជំនាញ គឺ​ធ្វើការ​ដោយ​ប្រើ​កម្លាំងកាយ​សុទ្ធ ទទួលបាន​ប្រាក់​កម្រៃ​ទាប មិន​ដូច​អ្នក​មាន​ចំណេះ និង ជំនាញ​នោះ​ឡើយ ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ដែល​អាច​ធ្វើអោយ​ជីវភាព​ធូរធារ​។ ឯកឧត្តម​បន្ថែមថា ការវិនិយោគ​លើ​ការអប់រំ គឺ​ទទួលបាន​ផល​យូរអង្វែង និង និរន្ត​ភាព ។

​សូមបញ្ជាក់​ថា វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង មាន​ចក្ខុវិស័យ​ធានា និង លើកកម្ពស់​ការបណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ​ឱ្យស្រប​ទៅតាម តម្រូវការ​ទីផ្សារការងារ ដើម្បី​ធ្វើឱ្យ​ប្រសើរ​នូវ​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ សំដៅ​ចូលរួម​បន្ថយ​ភាពក្រីក្រ ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ ចិរភាព និង សមធម៌​។​

​អត្ថបទ​៖ ញ៉ែម ចាន់​