លើកកម្ពស់​ការឆ្លើយតប នឹង​សមភាព​យេនឌ័រ​ក្នុង​ការបង្រៀន និង រៀន​

គម្រោង​លើកកម្ពស់​ការឆ្លើយតប នឹង​សមភាព​យេនឌ័រ​ក្នុង​ការបង្រៀន និង រៀន (TIGER) ត្រូវបាន​ធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តបាត់ដំបង​។ ដែល​មាន​ការចូលរួម​គ្រប់​អ្នកពាក់ព័ន្ធ នា​ថ្ងៃ​ទី ១២ កុម្ភៈ ឆ្នាំ ២០១៨ ។​

​លោក សយ សំ​ផុន ប្រធាន​គម្រោង TIGER ធ្វើ​បទ​បង្ហាញ​គម្រោង​នេះ មាន​គោលបំណង ធានា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា ត្រូវបាន​ការពារ​អំពើហិង្សា​ផ្នែក​យេនឌ័រ នៅ​តាម​សាលារៀន និង ផ្តល់​លទ្ធភាព​ឱ្យ​កុមារ បាន​ចូលរួម​ដោយ​សមធម៌ គ្រប់​សកម្មភាព នៃ​ជីវិត​ទាំង​ក្នុង​សាលារៀន និង ផ្ទះ​។ លើសពីនេះ លោក​ក៏​បាន​ធ្វើ​បទ​បង្ហាញ​បន្ថែមថា តាមរយៈ​គម្រោង​នេះ ប្រែក្លាយ​វិទ្យាស្ថាន​គរុកោសល្យ និង សាលារៀន​ចំនួន ៤០ ក្នុង​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​គ្រឹះស្ថាន​គំរូ ឆ្លើយតប​យ៉ាងណា​ប្រសើរ លើ​បញ្ហា​យេនឌ័រ ។​

​តាម​បទ​បង្ហាញ​បញ្ជាក់​ពី​វិធី​បង្រៀន និង រៀន​ឆ្លើយតប​នឹង​សមភាព យេនឌ័រ ដូចជា ការធ្វើ​កិច្ច​តែង​ការបង្រៀន​ដែល​ឆ្លើយតប​នឹង​សមភាព​យេនឌ័រ ការផលិត​សម្ភារៈ​ឧបទេស ឆ្លើយតប​នឹង​សមភាព​យេនឌ័រ , ការប្រើប្រាស់​ភាសា ពាក្យសម្តី និង វិធី​ណែនាំ ការរៀបចំ​ថ្នាក់រៀន និង ការដាក់វិន័យ​បែប​វិជ្ជា​មាន ដែល​ឆ្លើយតប​នឹង​យេនឌ័រ ។​

​ចូលរួម​ក្នុង​កម្មវិធី​ប្រកាស​នេះ ឯកឧត្តម អ៊ុង បូ​រា​ត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ផែនការ​ក្រសួង​អប់រំ យុវជន និង កីឡា ថ្លែង​ថា​វិធីសាស្ត្រ​បង្រៀន ត្រូវ​ដើរ​អោយទាន់ អ្វី​ដែល​ក្មេង​ចង់​រៀន​។ ឯកឧត្តម បញ្ជាក់​ក្មេង​អាច​រៀន​ខាងក្រៅ​ច្រើនជាង​អ្វី​ដែល​រៀន​ក្នុង​ថ្នាក់ ដូច្នោះ​ធ្វើអោយ​ក្មេង​មានការ​ធុញ​ថប់ ព្រោះ​រៀន​បាន​តិច ដោយសារ​មក​រៀន​ក្នុង​សាលា ក្មេង​យល់ថា​ចាញ់​រៀន​ខាងក្រៅ ។ ដូច្នោះ​ឯកឧត្តម​ថា បរិបទ ១០​ឆ្នាំ​ទៅ​មុខ​ទៀត យើង​ត្រូវ មាន​វិធីសាស្ត្រ​បង្រៀន អោយ​ទាន់​សម័យកាល សម្រាប់​គរុ​សិស្ស លោកគ្រូ អ្នកគ្រូ បង្រៀន ។​

​សូមញ្ជាក់​ថា គម្រោង​នេះ​មាន​ដៃគូរ​អនុវត្តន៍​ចំនួន ៤ VVOB, KAPE, GADC, និង PKO និង​សហការ​ជាមួយ ក្រសួង​អប់រំ ក្រសួង​កិច្ចការនារី ដែល​មាន​រយៈពេល បី​ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៧ ដល់ ២០២០ ។​

​អត្ថបទ​៖ ញ៉ែម ចាន់