ការ​រួមភេទ​ដោយ​មិន​មាន​ការព្រមព្រៀង​គឺ​ជា​អំពើ​ខុសច្បាប់​បើ​ទោះជា​ក្នុង​ចំណងអាពាហ៍ពិពាហ៍​ក៏ដោយ​

ការ​រួមភេទ​ដោយ​មិន​មាន​ការព្រមព្រៀង​ពី​ដៃគូរ​ម្ខាង​ទៀត​គឺ​មានន័យថា​ជាការ​រំលោភ​សេពសន្ថវៈ​បើ​ទោះជា​ក្នុង​ចំណងអាពាហ៍ពិពាហ៍​ក៏ដោយ​។ ស្ត្រី​មួយ​ចំនួន​នៅតែ​មាន​ភាព​អៀនខ្មាស​មិន​ហ៊ាន​រាយការណ៍ នៅ​ពេល​កើតមាន​ករណី​រំលោភ​សេពសន្ថវៈ ក្នុង​ចំណងអាពាហ៍ពិពាហ៍ ដោយ​គិត​ថា​វា​ជា​រឿង​ធម្មតា រវាង​ប្តី​ប្រពន្ធ ផ្ទុយទៅវិញ ការ​លាក់បាំង មិន​ហ៊ាន​រាយការណ៍​បែប​នេះ​ធ្វើ​ស្ត្រី​រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សុខភាព និង ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។​

​ប្រិយមិត្ត​មួយរូប​បាន​លើកឡើង​ថា ជា​ការពិត​ណាស់​ការរួម​ភេទ​ដោយ​មិន​មាន​ការព្រមព្រៀង​គឺ​ពិតជា​មាន​ផលប៉ះពាល់​ទាំង​សុខភាព និង ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ ដូចនេះ​ហើយ​ស្ត្រី​គ្រប់​រូប​ដែល​រង​នូវ​ករណី​បែប​នឹង​ត្រូវតែ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​។​

​លោកស្រី ម៉ុន មាន​ប្រសា​ន៍​ថា ការរំលោភ​សេពសន្ថវៈ​ក្នុង​ចំណងអាពាហ៍ពិពាហ៍​គឺជា​អំពើ​ខុសច្បាប់​ដែល​ត្រូវ​ជាប់​ទោស​ពី ប្រាំ​ឆ្នាំ​ដល់​ដប់ឆ្នាំ​។ ចំពោះ​ការរំលោភ​សេពសន្ថវៈ​នេះ​គឺ​ពិតជា​មាន​ផលប៉ះពាល់​ដល់​សុខភាព ជាពិសេស​គឺ​ស្ត្រី​តែម្តង​។ ស្ត្រី​គ្រប់រូប​ត្រូវតែ​ហ៊ាន​រាយការណ៍​បើសិនជា​ជួប​ករណីបែបនេះ កុំ​មាន​ភាព​អៀនខ្មាស់ ព្រោះថា​អ្វី​ដែល​ខ្មាស់​នោះ​គឺ​ការរស់នៅ​ក្នុង​ការឈឺចាប់​។​

​បើ​យោង​តាម​ការស្រាវជ្រាវ​មួយ​នឹង​ធ្វើ​នៅក្នុង​ឆ្នាំ ២០០៥ ដោយ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​លើ​ស្ត្រី បាន​រកឃើញថា ១៤% នៃ​អ្នក​ឆ្លើយតប​ក្នុង​បទ​សម្ផាសន៍​ស្គាល់​ស្ត្រី​យ៉ាង​ហោច​ណាស់​ម្នាក់ ដែល​ស្វាមី​របស់​ពួកគេ​បាន​បង្ខំ​នាង​ឱ្យ​រួមភេទ​ដោយ​មិន​មាន​ការយល់ព្រម​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត​