ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​អាច​ទទួលបាន​ជម្រក​ដោយ​ឥតគិតថ្លៃ​

ជា​ការពិត​ណាស់​ស្ត្រី​ដែល រង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​តែងតែ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ច្រើន​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត មិនតែប៉ុណ្ណោះ​ពួកគាត់​ក៏​ត្រូវការ​ទីជម្រក​ចាំបាច់​ដើម្បី​ស្នាក់នៅ និង គេច​ពី​ជនល្មើស​ដែល​ប្រព្រឹត្ត​ផងដែរ​។​

​ប្រិយមិត្ត​មួយរូប​បាន​លើកឡើង​ថា ស្រី្ត​មួយចំនួន​គឺ​ទទួលបា​ន​ការ​ស្នាក់នៅ​ពី​ខាង​អង្គការ​បន្ទាយស្រី និង​អង្គការ​កិច្ចការ​នារី​ជា​ដើម​។ តែ​ដោយឡែក​មាន​មួយចំនួន​ទៀត​នៅ​មិនទាន់​ទទួលបាន​ការការពារ ជម្រក​រសនៅ​សមរម្យ​នៅឡើយ​។​

​លោកស្រី ប៉ែន ស្រី សមាជិក​ក្រុមប្រឹក្សា​ចំការ​សំរោង​មានប្រសាសន៍ថា ចំពោះ​ស្ត្រី​ដែល​រង​ហិង្សា​គឺ​យើង​មាន​ការសហកា​រណ៍ និង ជួយ​ដល់​ពួកគាត់​ទាំង​ការផ្តល់​ជម្រក សេវា​ច្បាប់​ជាដើម​។ កន្លងមក​យើង​ក៏​ធ្លាប់​បាន​ធ្វើការ​ជួយ​ដល់​ពួកគាត់ ហើយ​ចំពោះ​ការជួយ​នេះ​ដែល​មិន​មាន​ចំណាយ​ថវិការ​របស់​ស្ត្រី​រងគ្រោះ​នោះទេ​។​

​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ពន្យល់​ថា​អាជ្ញាធរ​ឃុំ​មាន​កាតព្វកិច្ច​ការពារ​ជនរងគ្រោះ​តាមរយៈ​ការផ្ដល់​ជម្រក​សុវត្ថិភាព ជា​កន្លែង​ដែល​ស្ត្រី​រងគ្រោះ​អាច​ទទួលបាន​សេវា​គាំពារ​សង្គម​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត