ខេត្ត​បាត់ដំបង​៖ ស្រែ​កសិករ​ជាង ៣​ម៉ឺន​ហិតា​កំពុង​ប្រឈម​ផលប៉ះពាល់ រាំងស្ងួត​

ថ្មីៗ​នេះ លេខាធិការដ្ឋាន​គ្រោះមហន្តរាយ​ខេត្ត​បាត់ដំបង បង្ហាញថា ស្រូវ​កសិករ ជាង ៣​ម៉ឺន​ហិតា ស្ថិតក្នុង​ស្រុក ចំនួន​៥ កំពុង​ប្រឈម​ផលប៉ះពាល់ ដោយសារ​រាំងស្ងួត ខណៈ​ថ្នាក់ដឹកនាំ​ខេត្ត កំពុង​ពិនិត្យ តំបន់​ប្រភពទឹក ដើម្បី​សង្គ្រោះ ។

​លោក ជួន ឆាន កសិករ រស់នៅ​ភូមិ​ព្រែក​តា​វេន​ប្រាប់ថា ចាប់តាំងពី​ពេល​ព្រោះ រហូត​មក​ពេល​នេះ មាន​ភ្លៀង​ធ្លាក់​តិចតួច បំផុត ដែល​បណ្តាល​អោយ​ពង្រោះ​របស់លោក ប្រមាណ​ជិត ២ ហិតា ស្ទើរតែ​ខូច​ខាត់ ទាំងស្រុង ។ លើសពីនេះ​លោក​ថា ប្រសិនបើ​នៅ​តែ​គ្មាន​ភ្លៀង​ធ្លាក់ ជីវភាព​កសិករ មិនដឹង​រពឹង អ្វី​នោះឡើយ ។​

«​ខូច​១​ហិតា​កន្លះ យើង​ព្រោះ​ទៅ​ត្រូវ​រាំង​រហូត កន្លែង​ណា​សើម​ដុះ​ខ្លះ កន្លែង​អត់​សើម​អត់​ដុះ​»

​លោក ហួន សារឿ​ន មេភូមិ ព្រែក​តា​វេន ឃុំ​ព្រែកជីក ប្រាប់ថា បច្ចុប្បន្ននេះ ការរាំងស្ងួត បណ្តាល​អោយ កសិករ ក្នុងភូមិ​រង​ផលប៉ះពាល់ ស្រូវកណ្តាល​ច្រើន នាំ​អោយ​ស្រូវពង្រោះ​ស្វិត​អស់ ។ លោក​ថា​ប្រសិនបើ មាន​ភ្លៀង​ធ្លាក់​នៅ​ពេល​ខាងមុខ និង​អាច​ស្រោចស្រង់ ស្រូវពង្រោះ​បាន​វិញ ។​

«​បើ​ភ្លៀង​ឥឡូវនេះ អាច​ស្រោចស្រង់​វិញ​បាន ធម្មតា​ស្រូវ វា​គ្រាន់តែ​ស្វិត ជួនកាល​វាង​មិនទាន់​ជា ខូចខាត​ទាំងស្រុង​ទេ ប្រសិនបើ​មាន​ភ្លៀង​ឥឡូវ​ខ្លាំង​យើង​អាច​ស្តារ​វិញ​បាន »

​ចំណែក​លោក ជា សម្បត្តិ អភិបាលស្រុក​រុក្ខ​គិរី មានប្រសាសន៍ថា ស្រុក​រុក្ខ​គិរី ពិតជា​មាន​ជួប​គ្រោះ រាំងស្ងួត តាម​តំបន់​ខ្លះ ដោយ​ធ្វើអោយ​ស្រូវ កសិករ រង​ផលប៉ះពាល់ និង​ខូចខាត ដោយសារ​គ្មាន​ភ្លៀង ។ តែ​លោក​ថា​ថ្មីៗ​បាន ភ្លៀង​ខ្លះៗ ដែរ ។ ទោះ​យ៉ាងនេះក្តី លោក​ថា​ប្រសិនបើ រយៈពេល​កន្លះ​ខែ​ទៅមុខទៀត គ្មាន​ភ្លៀង នៅតែ​ប្រឈម​រង​ការខូចខាត​ស្រូវ ដដែល ។

​បញ្ហា​នេះ លោក​ថា មាន​ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​ខេត្ត នៅ​ខាង​ខេត្ត​ពោធ៍ស​ត្វ បាន​ផ្តល់​ទឹក​អោយ​មួយ​ភាគ តាមរយៈ​ប្រឡាយ ១៧ មេសា ដើម្បី​សង្គោះ​ស្រូវ បាន​មួយ​ចំនួន ។

«​ឥឡូវនេះ យើង​បាន​ការជួយ ជ្រុម​ជ្រែង ពី​ឯកឧត្តម អភិបាលខេត្ត ទៅ​ខេត្ត​ពោធ៍ស​ត្វ ប្រពន័​ស្រោចស្រព្វ​ខាង​ពោធ​សត្វ គេ​បាន​ផ្តល់ ទឹក​ឱ្យ​យើង​បាន​មួយ​ភាគ សង្គ្រោះ​ស្រូវ​ពលរដ្ឋ​នៅ ក្នុង​ឃុំ​មុខ​រាហ៍ បាន​មួយចំនួនធំ អ្នក​ដែល​ជាប់ ប្រឡាយ​១៧»

បើ​តាម​របាយការណ៍​លេខាធិការដ្ឋាន​គ្រោះមហន្តរាយ​ខេត្ត​បាត់ដំបង ឯកឧត្តម ងួន រតនៈ​អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​នោះ រួម​មាន​ប្រឡាយ ១៨​មេសា នៅ​ចំណុច ដំណាក់​សុ​ក្រំ ស្ថិតក្នុង​ស្រុក​ភ្នំក្រវាញ និង​ទំនប់​ដំណាក់​អំពិល ស្ថិតនៅ​ស្រុក​បាកាន ដែល ប្រភពទឹក​ទាំងពីរ​នេះ អាច​នាំ​មក​ស្រោចស្រព​ស្រូវ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​រុក្ខ​គិរី និង ស្រុក​មោងឫស្សី ដែល​តែងតែ​ជួប​បញ្ហា​គ្រោះ​រាំងស្ងួត​ជា​ញឹកញាប់ ។​

​តាម​របាយការណ៍​ដដែល​បញ្ជាក់​ថា​ឆ្នាំ​២០១៨​នេះ បញ្ហា​គ្រោះ​រាំងស្ងួត​ប៉ះពាល់​ស្រុក​ចំនួន​៥ មាន​ស្រុក ថ្មគោល ប៉ះពាល់ ស្រូវ ៩១២៤​ហិតា​, ស្រុក​មោងឫស្សី ប៉ះពាល់ ៣២៦៦​ហិតា​, ស្រុក​រុក្ខ​គិរី ប៉ះពាល់ ៩០៦៩ ហិតា​, ស្រុក​គាស់ក្រឡ ៧៥០០​ហិតា និង​ស្រុក​សង្កែ ២៩១៩​ហិតា សរុប​ទាំងអស់ ៣១ ៨៧៨ ហិតា ៕
​អត្ត​បទ​៖ ញ៉ែម ចាន់​