ស្រី្ត​ដែល​រង​ហិង្សា​ក្នុង​គ្រួសារ​អាច​ប្រឈម​ខ្លាំង​ទៅ​នឹង​ជម្ងឺផ្លូវចិត្

ភាព​តានតឹង​ចិត្ត ឬ ក៏​ជម្ងឺផ្លូវចិត្ត​គឺ​ជា​ជម្ងឺ​ម្យ៉ាង​ដែល​គេ​មិន​អាច​មើលឃើញ ហើយ​វា​តែងតែ​កើតមាន​ឡើង​ចំពោះ​ស្ត្រី​ដែល​រង​ហិង្សា​ក្នុង​គ្រួសារ​។

​ប្រិយមិត្ត​មួយរូប បងស្រី​ពៅ​បាន​លើកឡើង​ថា ស្ត្រី​មួយ​ចំនួន​ដែល​រង​នូវ​ហិង្សា​ហើយ​រហូត​មាន​បញ្ហា​ផ្លូវចិត្ត​គឺ​មិន​ទាន់​ហ៊ាន​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​ឡើយ​ទេ​។ កត្តា​ទាំង​នេះ​គឺ​ដោយសារតែ​គាត់​នៅ​មាន​ភាព​ខ្មាស់អៀន​ខ្លាច​ត្រូវ​គេ​ដឹងថា​គាត់​មាន​បញ្ហា​ផ្លូវចិត្ត​ជាដើម​។ គាត់​ក៏​បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់រូប​បើសិនជា​មាន​បញ្ហា​ផ្លូវចិត្ត​ត្រូវតែ​ទៅ​ទទួល​សេវា​ព្យាបាល កុំ​លាក់​សម្ងំ​តែម្នាក់ឯង​អោយសោះ​។​

​លោក ដាំ ប៉ូ​លី ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត និង បំពាន​គ្រឿងញៀន​នៃ​មន្ទីរ​សុខាភិបាល​បាន​លើកឡើង​ថា នៅក្នុង​ខេត្ត​បាត់ដំបង​មាន 38​មណ្ឌល​សុខភាព​ដែល​មាន​សេវា​បណ្តុះបណ្តាល​ការព្យាបាល​សេវា​ផ្លូវចិត្ត​។ តែ​យ៉ាងណា​លោក​សង្កេតឃើញថា​ការព្យាបាល​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​តែ​គ្រូពេទ្យ​ព្យាបាល​មាន​តិច គ្រូពេទ្យ​ជំនាញ​ខ្លះ​ត្រូវ​ចូលនិវត្តន៍​ជាដើម​។ ជាមួយ​គ្នា​ដែល​បញ្ហា​ផ្លូវ​នេះ​គឺ​ពិតជា​ប៉ះពាល់​ខ្លាំងណាស់ ទាំង​សុខភាព និង អាច​ឈាន​ដល់​អាយុជីវិត​ផងដែរ​។ ស្ត្រី​ដែល​មាន​បញ្ហា​នេះ​ត្រូវតែ​ទៅ​ទទួល​សេវា​ព្យាបាល កុំ​មាន​ភាព​ខ្មាសអៀន ព្រោះ​គ្រូពេទ្យ​លាក់​ការសម្ងាត់​ជូន មិន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ​។​

​ចំពោះ​ភាព​តានតឹង​ផ្លូវចិត្ត​នេះ​ភាគច្រើន​គឺ​កើតឡើង​ចំពោះ​ស្ត្រី ហើយ​វា​ទាមទា​ឲ្យមាន​ការពិភាក្សា និង​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ផងដែរ​។ បើ​មិន​មាន​ការព្យាបាល​ទេ​វា​អាច​ប៉ះពាល់​ដល់​សុខភាព និង អាច​ឈាន​ដល់​អាយុជីវិត​ផងដែរ​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត​