ដំណើរការ​លែងលះ​ក្នុងករណី​អំពើហិង្សា​ក្នុង​គ្រួសារ​

ស្ត្រី​មួយ​ចំនួន​ពេល​រង​អំពើហិង្សា ធ្ងន់ធ្ងរ​ទើប​សម្រេចចិត្ត​លែងលះ ដោយ​គិត​ថា​ទ្រាំ​មិន​បាន តែ​មួយ​ចំនួន​ទៀត មិន​ហ៊ាន​លែងលះ​ទេ ព្រោះ​អាណិតកូន ខ្លាច​ខ្មាស់​គេ​ពាក្យ​ថា​មេម៉ាយ ឬ ស្ត្រី​ដែល​ពឹង​ផ្នែក​ទៅ​លើ​ប្តី​ទាំងស្រុង ដូច្នេះ​មិន​ហ៊ាន​សម្រេច​នោះ​ទេ ម្យ៉ាងវិញទៀត​គិតថា​ពេល​ដំណើរការ​ក្តី​លែងលះ​ត្រូវ​ចំណាយលុយ​ច្រើន និង ប្រឈម​ការ​គំរាម​ពី​ជន​ប្រព្រឹត្ត​ផងដែរ​។​

​ប្រិយមិត្ត​មួយរូប បាន​លើកឡើង​ថា អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​តែងតែ​កើតមាន​ឡើង ហើយ​ភាគច្រើន​គឺ​ស្ត្រី​ជា​អ្នករងគ្រោះ​។ ជាមួយ​គ្នា​ដែល​ស្ត្រី​មិនទាន់​ដឹង​ពី​នីតិវិធី​ក្នុង​ការដាក់​ពាក្យបណ្តឹង ហើយ​អាជ្ញាធរ​ក៏​មិនសូវ​បាន​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​ប៉ុន្មាន​ដែរ​។ នេះ​ជា​កត្តា​មួយ​ដែល​ធ្វើឲ្យ​ស្ត្រី​រងគ្រោះ​មិនសូវ​មាន​ជំនឿ​ជឿជាក់​លើ​អាជ្ញាធរ ហើយ​ធ្វើឲ្យ​ស្ត្រី​នៅ​តែរង​ហិង្សាដ​ដែល​។​

​លោក ហ៊ាង យ៉ាន់​ដា ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​មានប្រសាសន៍ថា ចំពោះ​ការ​លែងលះ​គឺ​យើង​មាន​បែងចែក​ជា​ពីរ ទី​មួយ​សម្រាប់​គូ​ស្វាមី ភរិយា​ដែល​មាន​សំបុត្រ​អី​តា​ស៊ីវិល​គឺ​ត្រូវ​ដាក់​ពាក្យបណ្តឹង​លែងលះ​នៅ​តុលាការ​។ ចំណែកឯ​គូ​ស្វាមី​ដែល​មិន​មាន​សំបុត្រ​អ៊ី​តា​ស៊ីវិល​ទេ អាច​លែងលះ​នៅត្រឹម​ថ្នាក់ឃុំ​បាន​។ បញ្ហា​មួយ​ដែល​គួ​តែ​កែលំអរ​អោយ​កាន់តែ​ល្អប្រសើរ​គឺ​អាជ្ញាធរ​ត្រូវ​តែ​ដោះស្រាយ​ជូន​ស្ត្រី​រងគ្រោះ​ឲ្យបាន​ល្អ ទាន់ពេលវេលា និង មិន​ត្រូវ​បន្ទោស​ជនរងគ្រោះ ឬ លើកទឹកចិត្ត​អោយ​ស្ត្រី​រងគ្រោះ​នៅ​ទ្រាំ​នឹង​អំពើ​ហិង្សា​នោះ​ទេ​។​

​ស្ត្រី​ជា​ច្រើន​អាច​យល់​ថា ការ​លែងលះ​គឺជា​ការ​អាម៉ាស់​មួយ​។ ផ្ទុយទៅវិញ ការ​លែងលះ​គ្នា​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ គឺ​ការធូរស្រាល​ពី​ការឈឺចាប់ និង ជា​ផ្លូវ​ដើម្បី​រស់​នៅក្នុង​សេចក្តីថ្លៃថ្នូរ​។ ស្ត្រី​ដែល​រាយការណ៍​ពី​អំពើហិង្សា​ក្នុង​គ្រួសារ និង សម្រេចចិត្ត​លែងលះ​គ្នា​គឺ​មាន​ភាព​រីករាយ​ជាង​អ្នក​ដែល​សម្រេច​ចិត្ត​បន្ត​ភាព​ស្ងៀមស្ងាត់​។​

អត្ថបទ​៖ ម៉ន ឆ​វ័ន្ត