ប្រធាន​ភូមិ​ជា​បុគ្គល​ដំបូង​គេ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​

អំពើហិង្សា​ក្នុង​គ្រួសារ​តែងតែ​កើតមាន​ឡើង បើទោះជា​មាន​ការដោះស្រាយ​ពី​អាជ្ញាធរ​ក៏​ដោយ​, ជាមួយគ្នា​នេះ​ដែល នៅពេល​មាន​ហិង្សា​កើតឡើង​ប្រជាពលរដ្ឋ​តែងតែ​រាយការណ៍​ទៅ​កាន់​ប្រធាន​ភូមិ​មុនគេ​បង្អស់​ដោយសារតែ​គាត់​នៅ​ជិត​ប្រជាពលរដ្ឋ​ជាង​គេ​ក្នុងភូមិ​។​

​ប្រជាពលរដ្ឋ​មួយ​រូប​លោក វុទ្ធី បាន​លើកឡើង​ថា​ការដោះស្រាយ​របស់​ប្រធាន​ភូមិ​បាន​ល្អ​ខ្លះ​ដែរ​តែ​នៅ​មួយចំនួន​តូច​មិនបាន​ល្អ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​។ លោក​ក៏​បាន​សំណូមពរ​អោយ​អាជ្ញាធរ​យកចិត្តទុកដាក់​អោយបាន​ខ្លាំង​ជាង​នេះ​ក្នុង​ការដោះស្រាយ​ករណី​ហិង្សា​ក្នុង​គ្រួសារ​នេះ​ជាពិសេស​គឺ​ប្រធានភូមិ​តែម្តង​។ លើស​ពី​នោះ​ទៀត​សំណូម​ឲ្យមាន​ផ្តល់​ជា​លេខ​ទូរស័ព្ទ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ងាយស្រួល​ក្នុង​ការទំនាក់ទំនង និង ជួយ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​។​

​លោកស្រី នូវ លក្ខ​ណា ជា គ​កនក នៃ​សង្កាត់​អូរ​ចារ​មានប្រសាសន៍​ថា​កន្លង​ទៅ​យើង​បាន​ផ្តល់​លេខ​ទូរស័ព្ទ​ដល់​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​លេខ​របស់​ប្រធាន​ភូមិ មេឃុំ​តែប៉ុណ្ណោះ​ទេ ថែម​ទាំង​លេខ​អ្នក​ដែល​មាន​តួនាទី​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​ករណី​ហិង្សា​នេះ​ទាំងអស់​តែ​ម្តង​។ ចំពោះ​ការរាយការណ៍​វិញ​គឺ​ត្រូវតែ​រាយការណ៍​ទៅកាន់​ប្រធានភូមិ​មុន​គេ​ព្រោះ​គាត់​នៅ​ជិត​ប្រជាពលរដ្ឋ​ជាងគេ ហើយ​ការដោះស្រាយ​ក៏​បាន​លឿន​ផងដែរ​។​

​ជារួម​ករណី​ហិង្សា​ក្នុង​គ្រួសារ​អ្នក​ដែល​ត្រូវ​រាយការណ៍​ទៅ​មុនគេ​បង្អស់​គឺ​ប្រធានភូមិ​ព្រោះ​គាត់​ជា​អ្នក​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​ជាងគេ​។ ហើយ​គាត់​ក៏​អាច​រក​ជម្រក​សុវត្ថិភាព​ជូន​ស្ត្រី​រងគ្រោះ​ផង​ដែរ បើសិន​ជា​ស្ត្រី​នោះ​ត្រូវការ​។ មិនតែប៉ុណ្ណោះ​ប្រធានភូមិ​ក៏​ត្រូវ​រាយការណ៍​ទៅកាន់​ថ្នាក់ឃុំ​ជា​បន្ត​ទៀត​ផង​ដែរ​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត