ការប្រើប្រាសឱសថក្លែងក្លាយ និង ការទទួលសេវាសុខាភិបាលខុសច្បាប់ផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាពរបស់ប្រជាពលរដ្ឋ ឫ អាចប៉ះពាល់ដល់អាយុជីវិតផងដែរ។ បញ្ហានេះធ្វើអោយប្រជាពលរដ្ឋ មានការព្រួយបារម្ភដោយសារ តែនៅពេលមានបញ្ហាសុខភាពពួកគាត់មិនអាចជៀសវាងពីការប្រើប្រាស់ថ្នាំនោះទេ ។
កញ្ញា ស៊ី ត្រា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបាណន់បានប្រាប់ថា ប្រជាពលរដ្ឋពិតជាមានការព្រួយបារម្ភពីបញ្ហានេះដោយសារតែពេលដែលពួកគាត់ទៅទិញ គឺភាគច្រើនពួកគាត់មិនបានដឹងទេថាថ្នាំនោះហួសសុពលភាព ឫ ក្លែងក្លាយអ្វីនោះទេ គឺដឹងតែទៅទិញប្រើប្រាស់តែម្តង ។
ស្រដៀងគ្នានោះដែល កញ្ញា ឌីណា យល់ថាការប្រើឱសថក្លែងក្លាយ វាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬ បាត់បង់អាយុជីវិតថែមទៀតផង។ ជាពិសេសវាប៉ះពាល់ដល់ស្ដ្រីដែលប្រើថ្នាំក្លែងក្លាយជាដើម។
កញ្ញាបានបន្ដថា សូមមន្ដ្រីសុខាភិបាល ឧស្សាហ៍ត្រួតពិនិត្យ តាមកន្លែងមួយចំនួនផង ដែលលក់ថ្នាំគ្មានច្បាប់ត្រឹមត្រូវ។ បើសិនជាមន្ដ្រីពាក់ពន្ធ័មិនបាន ចុះត្រួតពិនិត្យឲ្យត្រឹមត្រូវ ទេវាមានផលប៉ពាល់ដល់ពលរដ្ឋដែលប្រើថ្នាំក្លែងក្លាយនោះ ។
ចំនែកឯ លោកស្រី សោថង ឌី ប្រធានមណ្ឌលសុខភាពចំការសំរោងបានប្រាប់ថា លោកស្រីតែងតែនាំពលរដ្ឋឲ្យមកទទួលសេវាឱសថនៅមណ្ឌលសុខភាព ជាជាងទៅទិញថ្នាំនៅហ្វាម៉ាស៊ីមួយចំនួនដែលហួសកាលបរិចេ្ឆទប្រើប្រាស់ ឬ ក្លែងក្លាយដែលប៉ះពាល់សុខភាពជាដើម។
បញ្ហានេះ លោក ហាស់ អាសនី ប្រធានការិយាល័យឱសថ នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានលើកឡើងក្នុងកម្មវិធី «សន្ទនាមតិ» កាលពីថ្ងៃ ពុធ ទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៩ ថា៖ មន្ទីរសុខាភិបាល បានសហការគ្នារវាងការិយាល័យឱសថ ក្នុងការចុះត្រួតពិនិត្យជាប្រចាំ នៅឱសថស្ថាន ឱសថស្ថានរង ទូទាំងខេត្តបាត់ដំបង ។ លោកបានបន្ដថា មន្ដ្រីលោក និង ចុះពង្រឹកអនុវត្តច្បាប់លើកន្លែងណាដែល គ្មានច្បាប់ត្រឹមត្រូវ ធ្វើការផាកពិន័យ និង វិធានទៅលើឱសថស្ថានទាំងនោះតាមផ្លូវច្បាប់។ តែបច្ចុប្បន្ននេះ ឱសថស្ថាន ឱសថស្ថានរងភាគច្រើន បានលក់ថ្នាំ, ទុកថ្នាំបានត្រឹមត្រូវ និង មានការយល់ដឹងច្រើន ក្នុងការលក់ទៅឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឆ្លងកាត់ជំនាញត្រឹមត្រូវ។ លោកថាសូមឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាសុខភាព សូមទៅរកព្យាបាល ឬ ទៅទិញថ្នាំកន្លែងណាដែលផ្លាកយីហោ មានការអនុញាតិផ្លូវច្បាប់ពីមន្ទីរសុខាភិបាលត្រឹមត្រូវ ជៀសវៀងការ ការប្រើប្រាស់ ចំឱសថក្លែងក្លាយ ឬ ហួសកាលបរិច្ឆេទ ដែលបណ្ដាលប៉ះពាល់សុខភាព និង អាយុជីវិតជាដើម។
ទាក់ទងបញ្ហានេះ ទាមទារឲ្យអោយមន្ត្រីពាក់ព័ន្ធក៏ដូចជាមន្ទីសុខាភិបាលខេត្ត ត្រូវចុះពង្រឹងការងារគ្រប់គ្រងនៅតាមក្រុង ស្រុក រាល់ត្រីមាស លុបបំបាត់ឱសថក្លែងក្លាយរុករកឱសថក្លែងក្លាយតាមរយះពិនិត្យរថយន្តដឹកឱសថជាពិសេសធ្វើការពិនិត្យតាមដានការអនុវត្តច្បាប់របស់សេវ៉ាមានច្បាប់ដោយគោរពទៅតាមបទដ្ឋានគតិយុត្តិ។
អត្ថបទ៖ ឈឿន ថៃកឿ