ទិវា​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ

ជា​រៀងរាល់ឆ្នាំ​ថ្ងៃទី​១៤​ខែកុម្ភៈ​ត្រូវបាន​គេ​កំណត់ថា​ជា​ថ្ងៃ បុណ្យ​នៃ​សេចក្តីស្រលាញ់​ដែល​បាន​យកតាម វប្បធម៌​របស់ បរទេស​នោះ យុវជន​យុវនារី​ខ្មែរ​មួយចំនួន យល់ថា ថ្ងៃនេះ​ជា​ថ្ងៃ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​សង្សារ ហើយ​ពួកគេ​នឹង ដើរ​កម្សាន្ត​ដាច់​យប់​ជាមួយ​សង្សារ និង​គ្រោង​គេង​ជាមួយគ្នា​ទៀតផង​។ តែ​ជាក់ស្តែង​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​សម្រាប់​តំណាង​ឲ្យ​ក្ដី​ស្រឡាញ់ និង​ភាពស្និទ្ធស្នាល រវាង​អ្នក​ដែលមាន​ចំណងមិត្តភាព​រវាង​គ្នា​និង​គ្នា ដូចជា រវាង​ប្ដី​និង​ប្រពន្ធ គូសង្សារ កូន​និង​ឪពុកម្ដាយ បង​និង​ប្អូន និង​រវាង​មិត្ត​ភ័ក្ដិ​និង​មិត្ត​ភ័ក្តិ ជាដើម​។​

​ជា​យុវជន​មួយរូប សុខ ហេង បាន​ប្រាប់ថា​៖ យុវវ័យ​មួយចំនួន​បាន​យល់​ខុស​ហើយ​គិតថា​ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃបុណ្យ​សង្សា​ឬ​បុណ្យ​ក្តី​ស្រលាញ់​រវាង​គូសង្សា​តែប៉ុណ្ណោះ​។​  តែ​ការពិត​នោះ​ទិវា​នៃ​ក្តី​ស្រលាញ់​គឺ​ក្តី​ស្រលាញ់​សំរាប់​មនុស្ស​ទូទៅ សាច់ញាតិ បងប្អូន ឳ​ពុក​ម្តាយ ឬ​ប្តី​ប្រពន្ធ ដោយ​យើង​បង្ហាញ​ក្តី​ស្រលាញ់​តាមរយៈ​កាយវិកា​សមរម្យ ឬ​ការជូន​ការដូ​បន្តិច​ប​ន្តួ​ទៅ​គ្នា ។​

​ចំណែកឯ​អ្នក​មីង ណា បាន​ដូច្នេះ​វិញ​ថា​៖ ឥឡូវនេះ​យើង​ឃើញថា​មាន​យុវវ័យ​មួយចំនួន​ក៏បាន​ផ្លាស់ប្តូរ​ការគិត​ថា​ជា​ថ្ងៃបុណ្យ​សង្សា ដោយ​យក​ថ្ងៃនេះ​បង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​ម៉ែ​ឳ ដោយ​ការទិញ​សម្លៀកបំពាក់​ឬ​របស់របរ​អ្វី​ផ្សេង​ជូន​ឳ​ពុក​ម្តាយ​វិញ​ម្តង ។​

​អ្នកគ្រូ សុ​ម៉ាលី ជា​គ្រូបង្រៀន​នៅក្នុង​អនុវិទ្យាល័យ​មួយ​បាន​ប្រាប់​ដែរ​ថា​៖ នៅមុន​ថ្ងៃ​១៤​កុម្ភៈ​នេះ​សាលា​បាន​ប្រជុំ​ផ្សព្វផ្សាយ​និង​ណែនាំ​ទៅកាន់​សិស្ស​ទាំងអស់​កុំអោយ​យល់​ច្រ​លំ​ថា​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​ជា​ថ្ងៃបុណ្យ​សង្សា​ឬ​ក្តី​ស្រលាញ់​សំរាប់តែ​សង្សា​នោះ ។ យើង​ត្រូវ​ផ្លាស់ប្តូ​ផ្នត់គំនិត​នេះ​មកជា​ទិវា​ក្តី​ស្រលាញ់​សំរាប់​ឳ​ពុក​ម្តាយ បងប្អូន លោកគ្រូ​អ្នកគ្រូ និង​មិត្ត​ភ​ក្ត​វិញ ។​

​បុណ្យ​នេះ​គឺជា​ថ្ងៃ​ដែល​បញ្ជាក់​អំពី​សេចក្ដីស្រឡាញ់​ ​ជាទូទៅ ដោយ​មិនចាំបាច់​សម្រាប់តែ​គូស្នេហ៍​ទេ​។ សេចក្ដីស្រឡាញ់ មាន​លក្ខ​ណះ​ទូលំទូលាយ​។ ប៉ុន្ដែ ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់ ត្រូវបាន​យល់​ច្រ​លំដោយ​គិតថា​ថ្ងៃបុណ្យ​នេះ​សម្រាប់តែ​គូស្នេហ៍ ជាពិសេស​ក្នុងចំណោម​យុវវ័យ​ក្មេងៗ​

​គួរ​បញ្ជាក់ថា ការប្រព្រឹត្ត​អំពើ​ប្រាសចាក​សីល​សង្គម​រប​ស់​យុវវ័យ​មួយចំនួន​នៅក្នុង​ទិវា​នៃ ក្តី​ស្រលាញ់​ដែលជា​វប្បធម៌​បរទេស​នេះ​ក៏​ត្រូវបាន​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​អំពាវនាវ​ឲ្យ ចូលរួម​ទប់ស្កាត់​ផងដែរ ។​

​អត្ថបទ​៖ កញ្ញា ឌិន មករា​