ឯកឧត្តម វង្ស ពិសិដ្ឋ និងឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោង និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៏អាស៊ី(ADB)នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្រុង បាត់ដំបង

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី( ADB) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមការងារពាក់ព័ន្ធបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោង និងចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់គម្រោងខាងលិចស្ទឹងសង្កែ នៃគម្រោងផ្គត់ផ្ទង់ទឹកស្អាត និងអនាម័យក្រុង។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយអាងចម្រុះទឹកកខ្វក់ប៉ែកខាងលិចស្ទឹងសង្កែ ព្រមទាំងពិនិត្យ និងពន្លឿនការងារជួសជុលកែលម្អសាងសង់ឡើងវិញនូវខ្សែផ្លូវដែលរងការខូចខាតដោយសារការជីកកាយសាងសង់ប្រព័ន្ធលូរំដោះទឹក។

លោក ព្រួញ រិទ្ធថា បញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែសម្រេចបានជាង៩៥ភាគរយគ្រោងបញ្ចប់នៅចុងឆ្នាំនេះ ខណៈនៅប៉ែកខាងលិចសម្រេចបានប្រមាណជាង៤៥ភាគរយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឱ្យក្រុមការងារម៉ៅការសាងសង់ត្រូវពន្លឿនការជួសជុលនិងសាងសង់ផ្លូវដែលខូចខាតឡើងវិញឱ្យបានឆាប់រហ័សដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា ក្រុងបាត់ដំបងបច្ចុប្បន្នបាននិងកំពុងអនុវត្តគម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចេញក្រៅក្រុងទាំងប៉ែកខាងកើតស្ទឹងសង្កែ និងប៉ែកខាងលិចស្ទឹងសង្កែ ដែលគាំទ្រដោយថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងដំណាក់កាលសាងសង់នេះក្នុងរដូវភ្លៀងពិតជាជួបការលំបាកដែលចៀសមិនផុតប៉ុន្តែរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងប្រតិបត្តិករគម្រោងបាននិងកំពុងខិតខំជួសជុលនិងសាងសង់ផ្លូវដែលខូចខាតឡើងវិញយ៉ាងយកចិត្តទុកដាក់បំផុត។នៅពេលគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ត្រូវបានសាងសង់ និងធ្វើតេស្តតាមបច្ចេកទេសរបស់គម្រោងរួចរាល់ រដ្ឋបាលខេត្តជំរុញឱ្យក្រុមហ៊ុនជួសជុលផ្លូវដែលខូចខាតឡើងវិញជាបន្តបន្ទាប់ឱ្យបានឆាប់រហ័ស៕អត្ថបទ លោក នឿ សុភ័ក្រ្តមន្ទីរព័ត៌មានខេត្តបាត់ដំបង