ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីរដ្ឋបាលខេត្ត ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម ផេង បញ្ញាធន ប្រតិភូជារាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ នៅសាលាខេត្តបាត់ដំបង ទាក់ទងនិងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែ ឧសភា ។
ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានណែនាំដល់មន្ទីរផែនការ ដែលជាសេនាធិការក្នុងចុះស្រង់ទិន្នន័យ និងកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលកំពង់មានវិបត្តិនៃការរីករាលត្បាតជំងឺកូដវិ ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នានាក្នុងខេត្តផងដែរ។
ឯកឧត្តម បន្តជំរុញដល់មន្ត្រីជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងស្រង់ទិន្នន័យកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ឱ្យបានទាន់ពេលវេលាតាមគោលការណែនាំរបស់ក្រសួងផែនការ និងត្រូវមានលក្ខណៈវិនិច្ឆ័យឱ្យបានច្បាស់លាស់ ជៀងវាងមានការរិះពីមហាជន បងប្អូនប្រជាពលរដ្ឋក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រផងដែរ។
ក្នុងលិខិតមួយច្បាប់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាថ្ងៃទី២៥ខែឧសភានេះ បានការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្ររត្រូវសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០៕
អត្ថបទ៖ ភី សុខ
រូបភាព រដ្ឋបាលខេត្ត