អ្នកនាំពាក្យក្រសួងកសិកម្ម៖ តម្លៃអង្ករនាំចេញរបស់វៀតណាមធ្លាក់ថ្លៃ ដល់កម្រិតទាបក្នុង រយៈពេល៤ឆ្នាំចុងក្រោយ ប៉ុន្តែទីផ្សារអង្ករក្រអូបរបស់ កម្ពុជានៅតែតម្លៃល្អ
បាត់ដំបង ៖ ឯកឧត្តម ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ដោយយោងលើសារព័ត៌មានវៀតណាមVnExpress បានចុះផ្សាយនៅក្នុងថ្ងៃនេះថា៖«តម្លៃអង្ករនាំចេញរបស់ប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ»។ ដោយឡែក ទីផ្សារអង្ករក្រអូបរបស់កម្ពុជាមិនបានជួបបញ្ហានេះទេ ដែលជាហេតុធ្វើឱ្យថ្លៃស្រូវផ្ការំដួល និងស្រូវសែនក្រអូបនៅតែល្អក្នុងរដូវកាលនេះ។
ឯកឧត្តមឃឹមហ្វីណង់អនុរដ្ឋលេខាក្រសួងកសិកម្មបានបញ្ជាក់បន្ថែមថា ដោយសារប្រទេសវៀតណាមគឺជាទីផ្សារសំខាន់ជាងគេ ដែលទិញស្រូវអូអឹមពីកម្ពុជា លោកបានសង្ខេបព័ត៌មាននេះលើគណនីយហ្វេស ប៊ុកផ្លូវការរបស់ ខ្លួននារសៀលថ្ងៃទី១៤ខែមករានេះ ដើម្បីជូន ដល់បងប្អូនកសិករយើងបានជ្រាបដូចខាងក្រោម៖
តម្លៃអង្ករដែលមានកម្រិតបាក់(ចុងអង្ករ)៥% បានធ្លាក់ចុះពី ៦៦៣ដុល្លារក្នុងមួយតោនកាលពីឆ្នាំមុន មកនៅត្រឹមតែ ៤៣៤ដុល្លារប៉ុណ្ណោះ។ ស្ថានភាពនេះកើតឡើងស្របពេលដែលមាននិន្នាការធ្លាក់ចុះប្រហាក់ប្រហែលគ្នានេះនៅក្នុងប្រទេសនាំចេញអង្ករផ្សេងទៀតផងដែរ ដូចជា ថៃ($៤៧៩), ឥណ្ឌា($៤៤០), និងប៉ាគីស្ថាន($៤៤៨) ហើយត្រូវបានគេរំពឹងទុកថា ថ្លៃអង្ករនឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ។
ឯកឧត្តមឃឺម ហ្វីណង់បញ្ជាក់អំពីមូលហេតុនៃការធ្លាក់ចុះថ្លៃអង្ករលើទីផ្សារអន្តរជាតិថា ការកាត់បន្ថយការនាំចូលប្រទេសធំៗដែលធ្លាប់នាំចូលអង្ករដូចជា ហ្វីលីពីន និងឥណ្ឌូណេស៊ី បានកាត់បន្ថយការទិញអង្ករសម្រាប់ស្តុកទុកយ៉ាងគំហុក។
ការប្រកួតប្រជែងពីឥណ្ឌា៖ ឥណ្ឌាបានបើកការនាំចេញអង្ករឡើងវិញ និងអាចបង្កើនការផ្គត់ផ្គង់ពីត្រឹមតែ ៥លានតោនកាលពីឆ្នាំមុន រហូតដល់ ២១-២២លានតោនក្នុងឆ្នាំនេះ ជាមួយនឹងការលក់ចេញក្នុងតម្លៃទាបខ្លាំង។ ប្រទេសអេហ្ស៊ីប (Egypt), គីយ៉ាណា (Guyana), ជប៉ុន (Japan), និងវេណេហ្ស៊ុយអេឡា (Venezuela) ក៏ជាប្រទេសដែលបានរួមចំណែកដល់ការកើនឡើងនៃការផ្គត់ផ្គង់អង្ករនៅលើពិភពលោកផងដែរ៕ អត្ថបទ លោក ភី សុខ
តំណភ្ជាប់ទៅកាន់ប្រភពដើមនៃព័ត៌មាន៖ https://e.vnexpress.net/…/rice-export-prices-drop-to-4…