អាកាសយានដ្ឋានអន្តរជាតិ តេជោ និងចាប់ផ្ដើមឲ្យ យន្តហោះហោះហើរ សាកល្បងរយៈពេល ៥ ថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិការ ហោះហើរពេញលេញ ក្នុងឆមាសទី ១ ឆ្នាំ ២០២៥។
ឯកឧត្តម សុិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល ការហោះហើរ សាកល្បងធ្វើឡើង នៅថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១២ ខែកញ្ញានេះ។ វាគឺជាប្រតិបត្តិការ ដើម្បីពិនិត្យមើល ផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួន ពិសេសឧបករណ៍ នាំផ្លូវនិងប្រព័ន្ធ វិទ្យុទាក់ទងជាដើម។
ឯកឧត្តមបានបញ្ជាក់ថា Flytest នេះគឺផ្លូវ ធ្វើច្រើនដង ដោយប្រើយន្តហោះ ខ្នាតតូចបំពាក់ ដោយឧបករណ៍ពិសេស សម្រាប់ហោះចុះឡើង ដើម្បីធានាថា ឧបករណ៍នាំផ្លូវ ចុះចតទាំងអស់ ក្នុងអាកាសយានដ្ឋាន ធ្វើការប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន ធំជាងគេនៅក្នុង ប្រទេសកម្ពុជា ដែលមានលំដាប់ 4F និងអនុញ្ញាតឲ្យយន្តហោះ ខ្នាតធំបំផុត របស់ពិភពលោក ដូចជាយន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និង អែប៊ូលអេ ៣៨០-៨០០ ចុះចតបាន។ យន្តហោះយក្សរបស់ អាមេរិក និងរបស់អឺរ៉ុប ទាំងពីរប្រភេទនេះ អាចផ្ទុកអ្នកដំណើរបាន ច្រើនជាង ៥០០ នាក់។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បញ្ជាក់ថា ការសាងសង់ អាកាសយានដ្ឋាន ថ្មីនេះ កំពុងដំណើរការ នៅឡើយ ពោលការសាងសង់បានជិត ៨៤% ដោយចំណាយថវិកាអស់ ១២២០ លានដុល្លា ក្នុងគម្រោងថវិកាសរុប ១៥០០លានដុល្លារ អាមេរិក។ បច្ចុប្បន្ន អាកាសយានដ្ឋាន អន្តរជាតិក្រុងភ្នំពេញ កំពុងដំណើរការនៅឡើយ។ អាកាសយានដ្ឋាននេះ នឹងត្រូវបិទទ្វារ ក្នុងអំឡុងឆមាសទី ១ នៃឆ្នាំ ២០២៥ គឺនៅពេលដែល អាកាសយានដ្ឋានថ្មី ចាប់ផ្ដើមដំណើរការ។
សូមជម្រាបថា អាកាសយានដ្ឋាន អន្តរជាតិ តេជោ ស្ថិតក្នុងខេត្តកណ្ដាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលជាការវិនិយោគរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC៕ ប្រភព ព័ត៌មានក្នុងស្រុក