ក្រសួង​សុខាភិបាល រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចំនួន​១​ករណី​ទៀត លើ​ស្ត្រី​ខ្មែរ​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​

ក្រសួង​សុខាភិបាល​អោយដឹង​នា​ថ្ងៃ​ទី​២៣​ខែ​ឧសភា​នេះ​ថា ស្ត្រី​ជនជាតិ​ខ្មែរ​ដែល​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ថ្មី​ម្នាក់​ទៀត​នោះ មាន​អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ ដែល​បាន​វិលត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក ឆ្លងកាត់​បន្ត​ជើងហោះហើរ​តាម​សាធារណរដ្ឋ​កូរ៉េ និង​បាន​មកដល់​កម្ពុជា តាំងពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២០​។​

​តាម​ព័ត៌មាន​ផ្តល់​ដោយ​ស្ត្រី​រូប​នេះ គឺ​គាត់​បាន​ទៅ​សហរដ្ឋអាមេរិក (​ទីក្រុង​ញូវយ៉ក​) តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ រួច​បាន​បន្ត​នៅ​ទីនោះ​មួយរយៈ ដោយ​មាន​ការបិទ ជើងហោះហើរ​ធ្វើដំណើរ​ត្រឡប់​មក​វិញ​មិន​បាន​។ ពេល​មកដល់​កម្ពុជា​វិញ គាត់​បាន​ធ្វើ​ការរស់នៅ​ដាច់​ដោយឡែក​ដោយ​ខ្លួនឯង (Self quarantine ) ហើយ​បាន​ទៅ​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ ២០២០ ដោយសារ​គាត់​មាន​បញ្ហា​ក្អក តឹង​ច្រមុះ និង​ស្ងួត​បំពង់ក ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន​នៅ ពេលនោះ​។​

​ក្រសួង​បញ្ជាក់ថា​គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​គាត់​បន្ត​ធ្វើ​ចត្តា​ឡី​ស័កឱ្យ​គ្រប់​១៤​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ អាការៈ​របស់​គាត់​មិន​មាន​ភាព​ធូរស្រាល ហើយ​នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ គាត់​ក៏​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​វត្ថុ​សំណាក របស់​គាត់​ទៅ​វិភាគ​សា​ជា​ថ្មី​ម្ដងទៀត ដែល​ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូវី​ដ​-១៩​។​
​បច្ចុប្បន្ន​ស្ត្រី​រូបនេះ ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​មកដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​មាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប​១២៤​នាក់ ជាសះស្បើយ​១២២​នាក់ នៅសល់​អ្នក​ឆ្លង​ថ្មី​២​នាក់ ៕

@physok​