អភិបាល​ស្រុក​គាស់ក្រឡ​ស្តីទី ត្រូវបាន​ប្រកាស​តែងតាំង បន្ទាប់​ពី ប្រមុខ​រដ្ឋាភិបាល​បញ្ចប់​តំណែង អភិបាលស្រុក​ចាស់​

​ការ​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​អភិបាលស្រុក​គាស់ក្រឡ​ស្តីទី ថ្មី បាន​ធ្វើឡើង​ភ្លាមៗ​តែ​រយៈពេល​បី​ថ្ងៃ ប៉ុណ្ណោះ​បន្ទាប់ពី ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បានសម្រេច បញ្ចប់​មុខតំណែង លោក អភិបាល​ស្រុក​គាស់ក្រឡ​ចាស់ អោយមក​បម្រើការ នៅ​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង ។​

​ពិធី​ប្រកាស​តែងតាំង ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ អភិបាលខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី ២៩​ខែ​មិថុនា​នេះ បានប្រកាស​លោក លោក ញឹក សា​រ៉ែ​ន អតីត​ប្រធាន​ផ្នែក​ច្បាប់ និង​ស៊ើបអង្កេត សាលាខេត្ត ជា​អភិបាល​ស្តីទី នៃ​គណៈ​អភិបាល ស្រុក​គាស់ ជំនួស​លោក​ម៉ៅ សុខ​ចាន់ ដែល​ត្រូវ​បញ្ចប់​តំណែង​មក​អោយ​បំរើការ នៅ​រដ្ឋបាល សាលាខេត្ត​។​

​ឯកឧត្តម ងួន​រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​អោយ​លោក ញឹក សា​រ៉ែ​ន ដែល​ត្រូវ ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​គាស់ក្រឡ ស្តីទី ត្រូវ​បន្ត​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​កង្វល់ សំណូមពរ​នានា របស់ ប្រជាពលរដ្ឋ ជាពិសេស​ករណី​ទំនាស់​ដីធ្លី ដោយ​ស្មារតី​យកចិត្តទុកដាក់​នឹងត្រូវ​គិតគូរ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ជាធំ ដោយ​មិន​ត្រូវ​ទុកឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ បញ្ហា​ទំនាស់​ដីធ្លី​នោះទេ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៧ សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន បញ្ចប់​តំណែង​លោក ម៉ៅ សុខ​ចាន់ អភិបាល​ស្រុក​គាស់ក្រឡ អោយមក​បម្រើ​ការងារ​នៅ រដ្ឋបាល ខេត្ត​បាត់ដំបង ស្របគ្នា​ជាមួយ​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំ​ខ្លួន លោក​ឧ​កញ្ញ៉ា សន​ថន ទៅ​សាកសួរ​នៅ​ទីក្រុង​ភ្នំពេញ ទាក់ទង​នឹង​ករណី ពុករលួយ ក្នុង​សំណុំរឿង​ដីធ្លី​ច្រើន​ពាន់​ហិច​តា​នៅ​ស្រុក​គាស់ក្រឡ​នេះ​។ នៅ​ថ្ងៃ​ទី​២៧​ខែ​មិថុនា​នេះ ប្រតិភូ​ក្រសួង​យុត្តិធម៌​ជាច្រើន​នាក់​រួមទាំង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ និង ចូលរួម​ពី រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ទៅ​ស្វែងយល់​ពី​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​រវាង​លោក ឧកញ្ញា​សន​ថន និង ប្រជាពលរដ្ឋ​ផង​ដែរ​៕

​ដោយ​៖ លោក​ភី សុខ​
​រូបភាព រដ្ឋបាលខេត្ត​