រដ្ឋបាលខេត្ត​បាត់ដំបង បាន​ប្រារព្ធ​ពិធី បុណ្យ​” រុក្ខទិវា​” ៩ កក្ត​ដា ឆ្នាំ​២០១៩

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ព្រឹក​ ថ្ងៃទី ៥ កក្ត​ដា ២០១៩ ក្រោម​ធិបតី​ភាព ឯកឧត្តម អ៊ុយ រី  ប្រធាន​ក្រុមប្រឹក្សា​ខេត្ត , ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង ព្រមទាំង​មានការ និមន្ត និង​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ ។​ ​តាម​របាយការណ៍ របស់ លោក អ៊ិន សៅ​រិ​ទ្ធិ អភិបាលស្រុក រតនៈមណ្ឌល បាន​បញ្ជាក់ថា នៅក្នុង​ស្រុក មាន ដី​សហគមន៍ ព្រៃឈើ ចំនួន ៤ កន្លែង ត្រូវបាន​ដាំ​ដុះ និង​ ថែរក្សា​ការពារ ។​

លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​ នេសាទ​ខេត្ត បាន​ឲ្យ​ដឺ​ង​ថា កូនឈើ​ប្រភេទ​ឈើ​សំណង់​ចំនួន ១.៧០០ ដើម បាន​ដាំ​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា នេះ ។ លោក​បាន​បន្តថា សម្បត្តិ​ធនធាន​ព្រៃឈើ មិន​គ្រាន់តែ​មានតម្លៃ​ខាង​សេដ្ឋកិច្ច និង​ការប្រើប្រាស​ប៉ុណ្ណោះ​ទេ ថែមទាំង​មានតម្លៃ ផ្នែក បរិស្ថាន វប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ ការសិក្សា​ស្រាវជ្រាវ ការការពារ​ដី​ជម្រាល ជីវៈចំរុះ និង​ផ្តល់​ជម្រក​ស្នាក់នៅ​ដល់​មនុស្ស និង​ សត្វ ផងដែរ ។​

មានប្រសាសន៍​សំណេះសំណាល ទៅកាន់​សមាជិក​សមាជិកា​រ​នៃ​អង្គពិធី​នាឱកាស​នោះ ឯកឧត្តម ងូ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង លើក បញ្ជាក់ថា ទិវា​ពលកម្ម​ដាំ​ដើមឈើ​ជា​ប្រពៃណី​យ៍​ជាតិ​មួយ​ហៅថា ” រុក្ខទិវា “ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ ​ថ្ងៃទី ៩ ខែ​កក្ត​ដា​ ជា​រៀ​រាល់​ឆ្នាំ ( សម្រាប់​ថ្នាក់ជាតិ ) ដែលមាន​ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី ដ៏​ខ្ពង់​ខ្ពស់បំផុត ។ ដោយឡែក​នៅតាម​បណ្តា រាជធានី​/ ខេត្ត តែងតែ​ប្រារព្ធ និង​រៀបចំឡើង​នៅមុន ឬ​ក្រោយ​ថ្ងៃ​រៀបចំ​ពិធី​នៅ​ថ្នាក់ជាតិ ។

​ការ​ប្រារព្ធ​ពិធី បុណ្យ ” រុក្ខទិវា “ នាពេលនេះ​គឺ ក្នុង​គោលបំណង ដើម្បី​ចូលរួម​ស្តារ អភិវឌ្ឍន៍​ព្រៃឈើ តាមរយៈ​នៃ​ការដាំ​ដើមឈើ​ឡើងវិញ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើ​ម្បើ​ធានា​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ធ្វើ​ឲ្យ​មាន​លំ​ហ្នឹង​បរិស្ថាន ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សោភ័ណភាព ទេសភាព​ធម្មជាតិ បរិស្ថាន រក្សា​និយ័ត​ប្រភពទឹក សម្រួល​អាកាសធាតុ​ឲ្យ​មាន​ប្រក្រតីភាព ជា​ផលប្រយោជន៍ ដ៏​មាន​សារៈសំខាន់​សម្រាប់​ជីវិត​មនុស្ស សត្វ រស់​នៅលើ​ភពផែនដី​នេះ ។​

​អត្ថបទ៖ លោក សាន់ ឈង