រដ្ឋបាលខេត្តបាត់ដំបងព្រមានចាប់ខ្លួនអ្នកអុចអាលញុះញង់មិនអោយពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

Phy Sok, [03.09.21 14:29]

ឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានព្រមានចាប់ខ្លួនដល់បុគ្គល ដែលបាន ញុះញង់មិនអោយពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈដែលមន្ទីរសុខាភិបាលនៃរដ្ឋ បាលខេត្ត បាន សម្រុកចាក់វ៉ាក់សាំងនេះជូនពលរដ្ឋបានប្រមាណ៦០ម៉ឺននាក់ហើយនោះ ។ ឯកឧត្តមបានបញ្ជាក់ថាបុគ្គលដែលញុះញង់ពលរដ្ឋមិនអោយទៅចាក់វ៉ាក់សាំងនេះគឺបានកំណត់មុខសញ្ញារួចហើយ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងជូនពលរដ្ឋតាមបណ្តាស្រុកនានា នាចុងសប្តាហ៍នេះ ឯកឧត្តម ងួន រតនៈ បានថ្លែងបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋកំពុងសម្រុកនាំគ្នាមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្រាប់តែមានក្រុមប្រឆាំង៣នាក់ដើរខ្សឹបប្រាប់ប្រជាពលរដ្ឋកុំឲ្យនាំគ្នាទៅចាក់ ប៉ុន្តែពួកគេមិនបានចេញមុខដោយចំហរនោះទេ បើចេញមុខចំហរសមត្ថកិច្ចនឹងធ្វើការចាប់ខ្លួនភ្លាម។

 

ឯកឧត្តមងួនរតនៈ អភិបាលខេត្ត ថ្លែងបន្ថែមថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ឬគាបសង្កត់នោះទេ បើក្រុមប្រឆាំងទាំងនោះមិនចាក់គឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែកុំទៅញុះញង់មិនឲ្យប្រជាពលរដ្ឋទៅចាក់ឲ្យសោះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងដាស់តឿន និងធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការជំរុញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមកទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា តាមរយៈគោលការណ៍ស្ម័គ្រចិត្ត ខណៈដែលរាជរដ្ឋាភិបាលបានខិតខំ និងផ្តល់វ៉ាក់សាំងចាក់ជូនបងប្អូនដោយឥតគិតថ្លៃ ហើយពេលនេះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងប្រមាណជាង៨០ម៉ឺននាក់គឺមានគ្រប់គ្រាន់អស់ហើយ មិនខ្វះវ៉ាក់សាំងសម្រាប់ចាក់នោះទេ។

ឯកឧត្តម ងួន រតនៈ ក៏បានក្រើនរំលឹកដល់មន្ទីរសុខាភិបាល ត្រូវពិនិត្យ និងផ្តល់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់កុំឲ្យមានការយឺតយ៉ាវ និងភាពអសកម្មដោយប្រការណាមួយឡើយ។ជាពិសេសត្រូវពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនលោកគ្រូ អ្នកគ្រូ ឲ្យបានគ្រប់ៗគ្នាដើម្បីត្រៀមបើកដំណើការសាលារៀនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងថា រហូតមកដល់ពេលនេះដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើមនុស្សចាស់ កុមារ និងយុវវ័យ សរុបនៅទូទាំងខេត្តបានប្រមាណជិត៦០ម៉ឺននាក់ ស្មើនឹងជាង៥០% ក្នុងចំណោមប្រជាពលរដ្ឋគោលដៅដែលត្រូវចាក់១លាននាក់៕ ភី សុខ