ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ខ្មែរប្រពៃណីជាតិនឹងមកដល់ខាងមុខនាឆ្នាំនេះ អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមតំបន់ទេសចរណ៍ប្រមាណជាង១០០កន្លែង ដើម្បីទទួលភ្ញៀវជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្រោយពីខកខានការប្រារព្ធពិធីចូលឆ្នាំខ្មែរប៉ុន្មាន ឆ្នាំមកហើយដោយការផ្ទុះនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។
លោកអ៊ូច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងថា ក្នុងចំណោមតំបន់ទេសចរណ៍ទាំង១១១កន្លែង ដែលបានរៀបចំត្រៀមទទួលភ្ញៀវទេសចរណ៍មកដើរលេងកំសាន្តនេះ គឺមានតំបន់គោលដៅទេសចរណ៍បែបធម្មជាតិ បែបកែឆ្នៃ និងសហគមន៍អេកូទេសចរណ៍ និង តំបន់ទេសចរណ៍បែបសាសនាជាដើម ។
លោកបញ្ជាក់ថាតាមតំបន់ទេសចរណ៍មានការរៀបចំតុតែងលម្អ ផ្កាភ្ញី ភ្លើងពណ៌ ផ្ទះស្បូវ ត្រៀមរៀបចំសង្ក្រាន និង បំរើសេវាកំសាន្ត ដូចជាលេងទឹក មើលទេសភាពបែបធម្មជាតិ អាហារប៊ូហ្វេ ការបោះតង់ស្នាក់នៅ ជាដើម ដោយទីតាំងទេសចរណ៍ទាំងនោះត្រូវគោរពអោយបានគោលការណ៍សុវត្ថិភាពទេសចរណ៍និងវិធានការបីកុំបីការពារ ។
លោកបញ្ជាក់ថាក្នុងនោះមានទេសចរណ៍សហគមន៍ចំនួន៥ទីតាំងមានរៀបចំ ការលេងល្បែងប្រជាប្រិយកំសាន្តដូចជា សហគមន៍ទេសចរណ៍អូរជាំ , ចំការស្វាយ ចំការទុរ៉េនអូតងនិងរមនីយដ្ឋានទេសចរណ៍ភ្នំ៥៣ជាដើម។
ក្រៅពីត្រៀមតំបន់ទេសចរណ៍ជាង១០០កន្លែងខាងលើ នៅកណ្តាលក្រុងបាត់ដំបង រដ្ឋបាលខេត្តបានរៀបចំសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ២០២២ ចំនួន៣កន្លែងធំៗផងដែរ ដោយក្នុងនោះរួមមាន:
ទី១ បរិវេណក្នុងសាលាខេត្តបាត់ដំបង រួមទាំងក្នុងអគារសាលាខេត្តចាស់ ជាសារមន្ទីរប្រវត្តិសាស្ត្រខេត្តផងដែរ ទីតាំងទី២ បរិវេណខាងមុខសាលាខេត្តបាត់ដំបងរហូតដល់ស្ពានថ្មចាស់ និងស្ពាន១៣មករា និង ទី៣ បរិវេណសួននាគបាញ់ទឹកសន្តិភាព ៕ ភី សុខ