សាច់និងគ្រឿងក្នុងមាន់ខូចគុណភាព ចំនួន ៥ ការ៉ុង ត្រូវបានដុតបំផ្លាញចោល ក្រោយពីលបឆ្លងដែនតាមច្រករបៀងពីប្រទេសថៃ

សាច់និងគ្រឿងក្នុងមាន់ថៃខូចគុណភាព ដែលក្នុងនោះមាន សាច់មាន់ ឆ្អឹងមាន់ និង គ្រឿងក្នុងមាន់ ចំនួន ៥ ការ៉ុង
ស្មើនឹង ២៥០ គីឡូក្រាម ត្រូវបានកម្លាំងចម្រុះធ្វើការដុតបំផ្លាញចោល បន្ទាប់ពីសមត្ថកិច្ចបានស្ទាក់ចាប់បានខណៈដែលទំនិញទាំងនេះ កំពុងលបឆ្លងដែនតាមច្រករបៀង ចេញពីប្រទេសថៃ ចូលមកកាន់ទឹកដីកម្ពុជាក្នុងស្រុកសំពៅលូន ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១វេលា ម៉ោង ៩ និង ១០នាទី ព្រឹក បន្ទាប់ពី ទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការដឹកនាំដោយ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុក សំពៅលូន នគរបាលស្រុកសំពៅលូន ។

ការស្ទាក់ចាប់ សាច់មាន់ ឆ្អឹងមាន់ និង គ្រឿងក្នុងមាន់ខូចគុណភាព នេះគឺមានអាជីវករម្នាក់ បានលួចនាំចូលពីប្រទេសថៃមក កម្ពុជា តាមច្រករបៀងក្នុងទឹកដីស្រុកសំពៅលូន ដោយខុសច្បាប់ សរុប ចំនួន ០៥ការ៉ុង ស្មើនឹង២៥០ គីឡូក្រាម របស់ឈ្មោះ ផេន សម្បត្តិ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានអោយដឹងថា អាជីវករឈ្មោះ ផេន សម្បត្តិ ត្រូវបានយកមកអប់រំ ណែនាំនិង ធ្វើកិច្ចសន្យា នៅអធិការដ្ឋានគរបាលស្រុកសំពៅលូន ដើម្បីបញ្ឈប់មិនឲ្យមានការនាំចូល សាច់មាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ ដែលខូចគុណភាព ពីប្រទេសថៃ មកកម្ពុជា ទៀតជាដាច់ខាត ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ហើយត្រូវបានក្រុមគ្រួសារមកធានាធ្វើកិច្ចសន្យាសន្យាបើមានថ្ងៃក្រោយជនអាជីវករ ឈ្មោះ ផេនសម្បត្តិ ត្រូវទោះខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ចក៏បានឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕ ភី សុខ