ប្រាសាទ​បាណន់​ក្រៅពី​បង្ហាញ​សម្រស់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ក៏​ជា​កន្លែង​បន់ស្រន់​សុំ​សេចក្តីសុខ​, សុំ​ទឹកភ្លៀង ដើម្បី​ប្រកប​កសិកម្ម​ឲ្យបាន​ផល​ច្រើនផង​និង​ផុតពី​ជំងឺ​ដង្កាត់​ទាំងឡាយផង​

ប្រាសាទភ្នំ​បាណន់​ស្ថិតនៅក្នុង​ភូមិ​បាណន់ ឃុំ​កន្ទឺ​រ​២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង តាម​បណ្តោយ​ដងស្ទឹង​សង្កែ មាន​ចម្ងាយ​២២​គ​.​មខាង​ត្បូង​ទី​រួម​ខេត្តបាត់ដំបង​។ ប្រាសាទភ្នំបាណន់​ជា​ប្រាសាទ​ភ្នំ ដែល​ស្ថិត​នៅលើ​កំពូលភ្នំ​ធម្មជាតិ​មាន​កំពស់​៨១​ម៉ែត ចំណុច​និយាម​កាម​ត្រង់ចំណុច ១២០៥៧’០៣” N និង​១០៣០០៨’២៣” E (​យកតាម Google Earth ) មាន​កំពែង​ព័ទ្ឋជុំវិញ មាន​តួ​សំខាន់​មួយ​បែរមុខ​ទៅរក​ទិស​ទាំង​បួន មាន​ក្លោងទ្វារ​បួន និង​មាន​ប្រាសាទ​ជ្រុង​បួន​។​

​តួ​ប្រាសាទ​សំខាន់​កណ្តាល​សង់​អំពី​ថ្ម​ភក់ រីឯ​កំពែង ក្លោងទ្វារ និង​ប្រាសាទ​ជ្រុង​សង់​អំពី​ថ្មបាយក្រៀម​ដែល​មាន​ក្បាច់​តុបតែង​លំ​អំពី​ថ្ម​ភក់​។ ចំណែក​ថ្មភក់​ដែល​គេ​យក​មក​សាងសង់​ប្រាសាទ​ទៀតសោត ក៏​ដឹក​មក​ពី​តំបន់​ផ្សេងៗ​គ្នា​ជា​ច្រើន​កន្លែង​ផងដែរ នេះ​បើ​ផ្អែក​ទៅលើ​គុណភាព​ថ្ម​ដែល​បន្សល់​ទុក​នាពេល​បច្ចុប្បន្ន​នេះ​។​

​បើ​ពិនិត្យ​ជាទូទៅ ប្រាសាទភ្នំបាណន់​មាន​ជណ្តើរ​អាច​ឡើង​និង​ចុះ​ពី​ខឿន​ប្រាសាទ​មក​ចំនួន​៣ គឺ​នៅ​ជ្រុង​ខាងជើង ខាងត្បូង និង​ខាងកើត ប៉ុន្តែ​នៅ​ជ្រុង​ខាងកើត​មាន​ជណ្តើរ​តាំងពី​ជើងភ្នំ​រហូត​ដល់​តួ​ប្រាសាទ​។​

​បើ​យោង​ទៅលើ​ចម្លាក់​នានា​ដែល​មន្ត្រី​ជំនាញ​បាន​ប្រទះឃើញ​នៅ​លើ​តួ​ប្រាសាទ និង​នៅ​ជុំវិញ​បរិវេណ​ប្រាសាទភ្នំបាណន់​កន្លងមក ឃើញ​ថា​ប្រាសាទ​នេះ​មាន​ក្បាច់រចនា​លាយ​ចំរុះ​គ្នា​ជាច្រើន​រចនាបថ គឺ​ពី​សតវត្ស​ទី​៩ រហូត​ដល់​ចុង​សតវត្ស​ទី​១៣​នៃ​គ​.​ស ប៉ុន្តែ​ក្បាច់រចនា​នៅ​សតវត្ស​ទី​១៣​នៃ​គ​.​ស គឺ​នៅក្នុង​រចនាបថ​បាយ័ន មាន​ច្រើនជាងគេ​គឺ​ស្ថិតក្នុង​រាជ្យ​ព្រះបាទ ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​សោយរាជ្យ​ពី​ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១៨​នៃ​គ​.​ស​។​

​យើង​បាន​រកឃើញ​សិលាចារឹក​មួយ​ផ្ទាំង K202 ចារ​នៅ​ឆ្នាំ​១០៥០​នៃ​គ​.​ស គឺ​ក្នុង​ដើម​រាជ្យ​ព្រះបាទឩ​ទ័យ​ទិត្យ​វរ្ម័នទី​២ (១០៥០–១០៦៦​នៃ​គ​.​ស​) ដែល​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា​របស់​ព្រះអង្គ​គឺ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ (១០០២–១០៥០​នៃ​គ​.​ស​)​។​
​និង​មាន​សិលាចារឹក​មួយ​ផ្ទាំង​ទៀត​ចារ​នៅ​ឆ្នាំ​១៨៣០​នៃ​ព​.​ស ត្រូវ​នឹង​ឆ្នាំ ១២៨៧​នៃ​គ​.​ស គឺ​ចុង​សតវត្ស​ទី​១៣​នៃ​គ​.​ស បាន​និយាយថា ព្រះបាទ ជ័យ​ចេស្តា​រា​មេ​សូ ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ សុក​ណាន បាន​យក​ទី​នេះ​ធ្វើ​ជាទី​សំណាក់​ធម៌​ដូច​វត្ត​អារាម​ដែរ ដើម្បី​លើកស្ទួយ​ព្រះពុទ្ឋសាសនា​ឲ្យមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង​។ ប្រាសាទភ្នំបាណន់​សព្វថ្ងៃ​នៅសល់​តួ​សំខាន់​កណ្តាល ក្លោងទ្វារ​ប្រចាំ​ទិស​ទាំង​៤ មួយ​ផ្នែក​តូច​នៃ​កំពែង​ខាងកើត និង​នៅ​សល់​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ជ្រុង​នៃ​ទិសពាយ័ព្យ​។​

​ដោយសារ​កត្តា​អាយុកាល កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស ប្រាសាទភ្នំ​បាណន់​បាន​រង​ការខូចខាត ជាច្រើន ជាពិសេស​នៅក្នុង​សម័យ​សង្គ្រាម​។​

​ប្រជាជន​នៅតែ​បន្ត​ជឿ​ទៅលើ​អាទិទេព​នៃ​ប្រាសាទភ្នំ​បាណន់ ដោយ​ពួកគាត់​បាន​ធ្វើ​ពិធី​បន់ស្រន់​សុំ​សេចក្តីសុខ សុំ​ទឹកភ្លៀង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រកប​កសិកម្ម​ឲ្យបាន​ផល​ច្រើនផង​និង​ផុតពី​ជំងឺ​ដង្កាត់​ទាំងឡាយ​ផង​ដែរ​។ មិនតែប៉ុណ្ណោះ​ប្រជាជន​ទូទៅ ជិត​ឆ្ងាយ​បាន​មក​លេង​កំសាន្ត​និង​បន់ស្រន់​សុំ​សេចក្តីសុខ និង​សុំ​អ្វីៗ​ទៅ​តាម​ការ​ប៉ងប្រាថ្នារ​បស់​ខ្លួន​៕

​ភី សុខ​
​ប្រភព មន្ទីរ​ទេសចរណ៍​ខេត្ត​