វិស័យ​អប់រំ និង​ សុខាភិបាល​ខេត្តបាត់ដំបង ទទួល​ជ័យលាភី អង្គភាពផ្ដល់​សេវាសាធារណៈគំរូ


ស្ថាប័ន​សុខាភិបាល និង អប់រំ ខេត្តបាត់ដំបង បាន​ដង្ហែ​អបអរសាទរ ជ័យលាភី អង្គភាព​ផ្តល់​សេវាសាធារណៈ គំរូ ធ្វើឡើង​នៅមុខ​សាលាខេត្ត​បាត់ដំបង នា​ព្រឹក​មិញ​នេះ ។​

ឯកឧត្តម​ ងួន ​រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​សំដែង​ការអបអរសាទរ ទទួល​ជ័យលាភី អង្គភាព ផ្ដល់​សេវាសាធារណៈ​គំរូ វិស័យ​អប់រំ និង​ វិស័យ​សុខាភិបាល​ខេត្តបាត់ដំបង ដោយ​បញ្ជាក់ថា នេះ​ជា​ជោគជ័យ​ថ្មី មួយទៀត​របស់​ខេត្តបាត់ដំបង លើ​វិស័យ​អប់រំ​និង​វិស័យ​សុខាភិបាល​។

ឯកឧត្តម​បន្តថា តាមរយៈ​រង្វាន់ ជ័យលាភី​នេះ ពិតជា​មោទនភាព​បំផុត ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តបាត់ដំបង ហើយ​យើង​ត្រូវតែ ខិតខំ​ប្រឹងប្រែង បន្ត​ពង្រឹងពង្រីក គ្រប់​វិស័យ​របស់​ជាតិ​ទូទាំង​ខេត្ត ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដោយ​ធ្វើការ​កែលម្អ ចំណុច​ខ្វះខាត​ខ្លះ ដែល​បាន​កើតមាន ក្នុង​គោលដៅ​ធ្វើ​ឲ្យ គ្រប់​វិស័យ​របស់​ជាតិ​ក្នុង​ខេត្ត កាន់​តែមាន​ភាពល្អប្រសើ​រ​ថែមទៀត​។

​សូមបញ្ជាក់ថា អង្គភាព​ផ្ដល់​សេវាសាធារណៈ​គំរូ លើ​វិស័យ​អប់រំ ទទួលបាន​រង្វាន់​ជ័យលាភី លេខ 1 គឺ​វិទ្យាល័យ ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក និង ​វិស័យ​សុខាភិបាល ចំណាត់ថ្នាក់​លេខ 4 គឺ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង សម្រាប់​ឆ្នាំ 2019 នេះ​៕

​អត្ថបទ៖ លោក ម៉ូត វោយហូ