ខេត្តបាត់ដំបង បានរៀបចំ​ប្រារព្ធ ទិវា​ជម្ងឺ​ទឹកនោមផ្អែម ពិភពលោក ១៤ វិឆ្ឆិកា ក្រោម​ប្រធានបទ​: ” រួមគ្នា​ការពារ​គ្រួសារ​យើង​ពី ជម្ងឺ​ទឹកនោមផ្អែម ” 

​ដោយបាន​ការអនុញ្ញាត និង​ កិច្ច​គាំទ្រ​ពី ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល . ពី ឯកឧត្តម អភិបាលខេត្ត​បាត់ដំបង និង​បាន​កិច្ចសហការ​ពី អង្គការ​ដៃគូរ មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង មាន​កិត្តិយស បានរៀបចំ​ប្រារព្ធ ទិវា​ជម្ងឺ​ទឹកនោមផ្អែម​ពិភពលោក ១៤ វិច្ឆិកា នៅ​ផ្នែក​បណ្តុះបណ្តាល​បន្ត នៃ​មន្ទីរ​សុខាភិបាល​ខេត្ត នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោម​ធិបតី​ភាព ឯកឧត្ដម វេជ្ជបណ្ឌិត អ៊ឹ​ង ភិ​រុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។​

​ពិធី​នេះ​បានការ​អញ្ជើញ​ចូលរួម ពី ឯកឧត្តម យឹម សៀ​ប អភិបាលរង​ខេត្ត បាត់ដំបង .​ប្រតិភូ​ក្រសួង . តំណាង​អង្គការ​ជាតិ អន្តរជាតិ ( GIZ ) . អង្គភាព​ពាក់ព័ន្ធ មន្ត្រីរាជការ លោក​ចៅសង្កាត់​លោកគ្រូ​អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត និង​ប្រជាពលរដ្ឋ​យ៉ាង​កុះករ ។​

​ក្នុង​ខ្លឹមសារ ប្រសាសន៍ សំណេះសំណាល​របស់​គណៈ​អធិបតី ការ​ប្រារព្ធ​ទិវា​នេះ ក្នុង​គោលបំណង ដើម្បី​បំផុស​ការយល់ដឹង​ពី​ជម្ងឺ​ទឹកនោមផ្អែម ឲ្យ​បាន​ទូលំទូលាយ​ទៅដល់​មហាជន​
​ហើយ​ចូលរួម​បង្ការ​ទាំងអស់គ្នា​កុំ​ឲ្យ​កើត​ជម្ងឺ​ទឹកនោមផ្អែម ។​

​បច្ចុប្បន្ន​ ជម្ងឺ​ទឹកនោមផ្អែម និង ​ជម្ងឺលើសឈាម កំពុង​គម្រាមកំហែង​ដល់​ភាពក្រីក្រ​កា​បើ​តែ​ខ្លាំង​និង​បង្ក​ឲ្យ​មានការ​ចំណាយ​យ៉ាងច្រើន​ទៅលើ​សេដ្ឋកិច្ចជាតិ និង​គ្រួសារ តើ​អាច​ការពារ​ជម្ងឺ​ទឹកនោមផ្អែម​យ៉ាងដូចម្តេច ? មាន​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​ការពារ​ជម្ងឺ​ទឹកនោមផ្អែម :

១- អនុវត្ត​របប​អារ​ហារ ដែលមាន​ជាតិ​ស្ករ​ទាប​បំផុត​
២- ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​
៣- បញ្ចុះទម្ងន់​ប្រសិនបើ​អ្នក​លើស​ទម្ងន់ ឬ ធាត់​
៤- ឈប់​ជក់បារី​
៥- ឈប់​ពិសារ គ្រឿង​ស្រវឹង ។ ល​។ និង ។​ល​។​

​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យកចិត្តទុកដាក់​ទៅ នឹង​បញ្ហា​ប្រឈម​ដែល​កំពុង​កើនឡើង​នៃ​ជម្ងឺមិនឆ្លង ដែលមាន​ជាអាទ៍ ជម្ងឺ​បេះដូង ជម្ងឺលើសឈាម ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺមហារីក និង ជម្ងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ដែល​កម្ពុជា​យើង​កំពុង​ជួបប្រទះ ហើយ​អត្រា​នៃ​ការ​ស្លាប់មាន ៦៤ % (​ភាគរយ ) នៃ​ការស្លាប់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​តួលេខ​នេះ ត្រូវបាន​ព្យាករណ៍​ថា នឹង​កើនឡើង​ថែមទៀត​។ ប៉ុន្តែ ៨០ % នៃ​ជម្ងឺមិនឆ្លង​អាច​បង្ការ​បាន​ដោយ​គ្រាន់តែ​ដោះស្រាយ​នូវ​កត្តា​ប្រឈម ៤​គឺ :

* កង្វះ​កាយ​វប្បកម្ម​( គ្មាន​ការធ្វើ​លំ​ហាត់ប្រាណ )
* របប​អាហារ​ដែល​គ្មាន​ផាសុខភាព (​អាហារ​សំបូរ​ជាតិ​ប្រៃ​.
​ជាតិ​ផ្អែម​. ខ្លាញ់​ច្រើន )
* ការប្រើ​ថ្នាំ​ជក់បារី គ្រឿងញៀន​
* កាត់បន្ថយ​ការប្រើ​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់ ។​

​ការ​ប្រារព្ធ​ទិវា នេះ ក៏មាន​កម្មវិធី​សំណួរចម្លើយ​ពី​ចំណេះដឹង នៃ​ជម្ងឺ​ទឹកនោមផ្អែម ពី​វិធី​ការពារ និង​ផ្តល់រ​ង្វាន់​ព្រមទាំង​ពិធី​បង្ហោះ​ប៉េងប៉ោង និង​ដង្ហែ​ក្បួន កាន់​បា​ដា ផ្សព្វផ្សាយ​តាម​ដងផ្លូវ ដោយមាន​ក្រុម​សិល្បៈ ឆៃយ៉ាំ​នាំមុខ ផងដែរ ។

អត្ថបទ៖ លោក សាន់ ឈង