វេទិកា​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង សម្រាប់​ឆ្នាំ 2019 នៅ​ស្រុក​រុក្ខ​គិរី និង​ស្រុក​មោង​ឬ​ស្សី​

​ឯកឧត្តម អ៊ុយ​ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ បើក​វេទិកា​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី 3 សម្រាប់​ឆ្នាំ 2019 កាលពី​ថ្ងៃទី 27 វិច្ឆិកា នៅ​ស្រុក​រុក្ខ​គិរី និង ស្រុក​មោងឫស្សី បាន​បញ្ជាក់ថា វេទិកា​នេះ ក្រោម​ប្រធានបទ ៖ (ការផ្ដល់សេវា និង ការអភិវឌ្ឍន៍​មូលដ្ឋាន) ក្នុង​គោលបំណង អនុវត្ត​គោលនយោបាយ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ របស់​រាជរដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​មានការ​កែលម្អ ប្រព័ន្ធ​អភិបាលកិច្ច នៅ​ថ្នាក់​រដ្ឋ​នានា ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ នៅ​ថ្នាក់មូលដ្ឋាន និង ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច ក្នុង​ការធានា ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ នៅ​ទូទាំងប្រទេស​។ ហើយ​ក៏មាន​គោលបំណង ដើម្បីឱ្យ​ក្រុមប្រឹក្សា​ខេត្ត ជម្រាបជូន​ក្រុមប្រឹក្សា ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ សហគមន៍​ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធ​នានា ដើម្បី​ពិភាក្សា​ស្រាយ​បំភ្លឺ អំពី​បញ្ហា​នានា ដល់​អ្នកចូលរួម ដើម្បី​លើកកម្ពស់ ការឆ្លើយតប​ចំពោះ តម្រូវការ​របស់​មូល​ដ្ឋា​ន​។​

ឯកឧត្តម អ៊ុយ រី ក៏បាន​គូសបញ្ជាក់ ពី​សម​ទ្ធិ​ផល នៃ​វិស័យ​អាទិភាព​ទាំង 4 ដែល​រដ្ឋបាលខេត្ត​សម្រេចបាន ដើមឆ្នាំ 2019 រួចមក វេទី​ការ​នៃ​ស្រុក​ទាំងពីរ គឺ​ស្រុក​រុក្ខ​គិរី និង ស្រុក​មោងឫស្សី ក៏បាន​ធ្វើការ​ពិភាក្សា​និង សំណូមពរ យ៉ាង​ផុលផុស ដោយបាន​លើកយក​បញ្ហា​ប្រឈម​នានា ក៏ដូចជា​តម្រូវការ​ចាំបាច់​ក្នុង​មូលដ្ឋាន ដែល​បាន និង កំពុង​ជួបប្រទះ មាន​ប្រហាក់ប្រហែលគ្នា គឺមាន 9 បញ្ហា មាន​បញ្ហា​ទឹក ផ្លូវ ភ្លើង​អគ្គីសនី បញ្ហា​អនាម័យ និង វិស័យ​អប់រំ​ជាដើម ហើយ​មន្ទីរជំនាញ​រប​ស់​ខេត្ត បានធ្វើការ​ឆ្លើយបំភ្លឺ និង ដោះស្រាយ​បានជា​បន្តបន្ទាប់​។

​ដោយឡែក​ជា​សំណូមពរ​របស់​ស្រុក​មោង​ឬ​ស្សី ដែល​សុំ​បំបែក​ភូមិ 2 បន្ថែមទៀត ក្នុង​ឃុំ​តា​លាស់ ឯកឧត្តម អ៊ុយ រី បាន​ទទួលយក​គ្រប់​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង រួមគ្នា​ដោះស្រាយ តែ​ការសុំ បំបែក​ភូមិ 2 បន្ថែមទៀត​នោះ ឯកឧត្តម​សុំ​ធ្វើការ​ពិភាក្សា​ជាមួយ​រដ្ឋបាលខេត្ត និង សំណូមពរ​ទៅ​ក្រសួងមហាផ្ទៃ​សម្រេច​។​

ក្រោយពី​ការផ្សព្វផ្សាយ ពី​តួនាទី​ភារកិច្ច របស់​ការិយាល័យ ប្រជាពលរដ្ឋ​ខេត្ត​រួម​មក ក្នុង​ប្រសាសន៍​ប្រកាស​បិទ​កម្មវិធី ឯកឧត្តម អ៊ុយ រី​ បាន​បញ្ជាក់ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត យើងទាំងអស់គ្នា​ចង់បា​ន​នូវ ការផ្ដល់សេវា និង ការអភិវឌ្ឍន៍​មូលដ្ឋាន បម្រើ​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ ស្របទៅនឹង​បំណងប្រាថ្នា របស់​ប្រជាពលរដ្ឋ និង ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី 4 របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​ក្នុង​អាណត្តិ​ទី 6 នេះ​។ ដូច្នេះ​រាល់​បញ្ហា​ជា​អាទិភាព និង​ការផ្ដល់​មតិយោបល់​នាពេលនេះ រដ្ឋបាលខេត្ ត​និង​បញ្ចូល​ទៅ ក្នុង​ផែនការអភិវឌ្ឍន៍ របស់​រដ្ឋបាលខេត្ត សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​៕

​រូបភាព និង អ្នកយកព័ត៌មាន​៖ ម៉ូត វោ​យ​ហូ​