មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ត្រៀម​គ្រែ​៦០០​កន្លែង​នៅ​មន្ទីរពេទ្យ​ទាំង​៧​ក្នុង​ខេត្ត​តៀម ទទួល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩

លោក​ឱសថ​បណ្ឌិត វឿង ប៊ុន រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​មានប្រសាសន៍ថា មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ត្រៀម​គ្រែ​ចំនួន ៦០០​កន្លែង​នៅ​មន្ទីរពេទ្យ​ទាំង​៧ ក្នុង​ខេត្ត​បាត់ដំបង សម្រាប់​ត្រៀម​ទទួល​ពិនិត្យ​ព្យាបាល អ្នកជំងឺ​កូវី​ដ​១៩ ។​បន្ថែម​ពី​នោះ​ខេត្ត​បាន​ត្រៀម​គ្រែ​ចំនួន​១៨០​កន្លែង​ទៀត គឺ​នៅ​សណ្ឋាគារ​ផាក​១៥០​កន្លែង និង វិទ្យាល័យ​ព្រះមន្នីវង្ស​៣០​កន្លែង ។​

​លោក​ឱសថ​បណ្ឌិត​បាន​បន្ថែម​ថា​បើសិនជា​មិន​គ្រប់គ្រាន់ យើង​បាន​ត្រៀម​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន​ផងដែរ​ដូចជា​មន្ទីរពេទ្យ​ហាន់​ដា និង តាម​បណ្តា​សាលារៀន​នានា​ទៀត ។ និង បាន​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​មន្ត្រី​ពេទ្យ​ក្នុង​ខេត្ត​ដើម្បី​ត្រៀមលក្ខណៈ ចាំ​ទទួល​ពិនិត្យ​ព្យាបាល បើសិន​ចំនួន​អ្នក​ឆ្លង​កើនឡើង​។​

​សូមបញ្ជាក់​ថា​ខេត្ត​បាត់ដំបង​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៨​នាក់​ក្នុងនោះ​២​នាក់​ត្រូវបាន​ជាសះស្បើយ​ហើយ ។​

​មកទល់​ពេល​នេះ​ប្រធាន​មន្ទីរ​សុខាភិបាល​ខាងលើ​បាន​ថ្លែងថា​មិន​ទាន់​មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ ចំណែក​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​យើង​បាន​ចុះ​ប្រមូល​ទិន្នន័យ និង យក​សំណាក​អ្នក​សង្ស័យ​ខ្លះ ទៅពិនិត្យ​អស់ហើយ ។ ចំណែក​អ្នក​សង្ស័យ​កន្លងមក​យើង​បាន​បញ្ជូន​សំណាក​អស់ហើយ គឺ​យើង​រង់ចាំ​តែ​លទ្ធផល​តែ​ប៉ុណ្ណោះ ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​

​លោក ឱសថ​បណ្ឌិត វឿង​ប៊ុន​រ៉េត មានប្រសាសន៍​នេះ​ខណៈ​ដែល​លោក​បាន​ចូលរួម​ជា​វាគ្មិន ក្នុង​កម្មវិធី​សន្ទនា​មតិ​វិទ្យុជាតិ​កម្ពុជា​ខេត្ត​បាត់ដំបង ចំការចេក ក្រោម​ប្រធានបទ​៖ បច្ចុប្បន្នភាព និង ត្រៀម​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ ១៩ នា​ម៉ោង​១១​ដល់​ម៉ោង​១២ ថ្ងៃទី ២៦ ខែ​មីនា ឆ្នាំ ២០២០​នេះ ។​

​លោក​ឱសថ​បណ្ឌិត​បន្ថែមថា សូម​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង ចូលរួម​ធ្វើ​អនាម័យ​ទាំងអស់គ្នា ដោយ​លាងដៃ​និង​សាប៊ូ រឺ ពាក់​ម៉ាស់​ការពារ ជាដើម ។​

​ចំណែក​បងប្អូន​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​សូម​នៅ​ដោយឡែក​ពី​គ្រួសារ​រយៈពេល​១៤​ថ្ងៃ កុំ​ប៉ះពាល់​សមាជិកគ្រួសារ លាងដៃ​ដោយ​សាប៊ូ​និង​ជែល​ជាប្រចាំ និង រក្សា​ចម្ងាយ​អោយ​លើស​ពី​មួយ​ម៉ែត្រ​ពី​សមាជិក​គ្រួសារ​រឺ​អ្នកដ័ទៃ បើសិន​មាន​រោគសញ្ញា មិន​ស្រួល​ដូចជា​ក្តៅខ្លួន​លើស​ការកំណត់ ត្រូវ​បញ្ជូន​មក​ពិនិត្យ​សុខភាព ជាបន្ទាន់​។​

​សូមបញ្ជាក់​ថា មក​ទល់​យប់​ម្សឹល​មិញចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​នៅ​កម្ពុជា​បាន​កើន​ឡើង​ចំនួន ៩៦​នាក់​ហើយ ៕

​អត្ថបទ ៖ ភី សុខ​