បាត់ដំបង៖គណៈកម្មការដឹកនាំទូកងសុវណ្ណមានជ័យបារមីវត្តសង្កែវារ និងទូកតាតាំងមានជ័យបារមីវត្តសង្កែវារដែលជាទូករបស់វត្តសង្កែវារ ស្ថិតក្នុងស្រុកបវេល អះអាងថា កីឡាករចំណុះទូកទាំងអស់បានខិតខំប្រឹងប្រែងហ្វឹកហាត់ជាបន្តបន្ទាប់និងត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤ដែលធ្វើឡើងនាសប្ដាហ៍ក្រោយ។
គណៈកម្មការដឹកនាំទូក បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា
ទូកសុវណ្ណមានជ័យបារមីវត្តសង្កែវារ និងទូកតាតាំងមានជ័យបារមីវត្តសង្កែវារ នឹងអាចដណ្ដើមយកជ័យជំនះបាននាឆ្នាំនេះ ខណៈកាលពីឆ្នាំកន្លងទៅទូកទាំង២នេះបាននាំយកចិត្តជ័យជំនះជាមួយលទ្ធផលល្អប្រសើរទាំងនៅក្នុងការប្រកួតថ្នាក់ខេត្តនិងថ្នាក់ជាតិ។
គណៈកម្មការដឹកនាំទូក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសូមចូលរួមទស្សនាកម្សាន្តសប្បាយរីករាយក្នុងព្រឹត្តិការណ៍បុណ្យអុំទូកខេត្តបាត់ដំបងនាពេលខាងមុខនេះ
សំឡេងគណៈកម្មកាដឹកនាំទូក…………………………………………………………………………..។
សូមបញ្ជាក់ថា ទូកងសុវណ្ណមានជ័យបារមីវត្តសង្កែវារ ទូកតាតាំងមានជ័យបារមីវត្តសង្កែវារ និងទូកផ្កាចារចំនួន២ទៀតដែលសុទ្ធសឹងជាទូករបស់វត្តសង្កែវារ ស្រុកបវេល ទទួលបានការឧបត្ថម្ភគាំទ្រដោយផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សានិងការចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិដ៏រុងរឿង ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។
ក្នុងពិធីបុណ្យអុំទូកនេះ មានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និងនៅពេលរាត្រីក៏មានការរៀបចំបណ្ដែតប្រទីបបង្ហោះគោមនិងបាញ់កាំជ្រួចជាដើម។
ជាមួយគ្នានេះក្នុងពេលរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក៏មានការដង្ហែប្រទីបយកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អផូរផង់បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ។សម្រាប់ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ បានណែនាំឱ្យមន្ទីរ អង្គភាពរៀបចំប្រទីបខ្នាតធំចំនួន៧ប្រទីបដើម្បីបណ្ដែត។
រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ពិតជានឹងចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញវស្សាឱ្យបានច្រើនកុះករ៕