ប្រដាល់សកលកម្ពុជា បំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ


កំណត់ត្រា ប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រដាល់ សាកលកម្ពុជា ក្នុងការចូលរួមប្រកួត កម្រិតអាស៊ី បានលេចចេញបណ្ដើរៗហើយ នៅពេលកីឡាករកម្ពុជាពីររូប ធ្វើបានយ៉ាងល្អ ដោយក្នុងនោះកីឡាករកម្ពុជាម្នាក់ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ រង់ចាំការប្រកួត ដណ្ដើមមេដាយមាស និង ម្នាក់ទៀតទទួលបានមេដាយ សំរិទ្ធិនៅប្រទេសថៃ។


លោកប៊ុយសោភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់ សាកលកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី ២៤ ខែមករានេះថា ចំពោះការបញ្ជូន អត្តពលឹក ចូលរួមការប្រកួតនេះ គឺជាផែនការយុទ្ធសាស្ត្រមួយ យ៉ាងសំខាន់សម្រាប់ ការវាស់ស្ទង់បច្ចេកទេស ពួកគាត់ដើម្បី ឈានឆ្ពោះទៅ ទទួលមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នាពេលខាងមុខ ហើយក៏ជាការប្រកួត កម្រិតអាស៊ីចុងក្រោយផងដែរ។

នេះជាការវាស់ស្ទង់ ចុងក្រោយសម្រាប់យើង ឆ្ពោះទៅត្រៀម ចូលរួមការប្រកួតស៊ីហ្គេម ដូច្នេះការបញ្ជូន អត្តពលិកចូលរួម ប្រកួតលើកនេះ សហព័ន្ធរំពឹងថា អត្តពលិកទាំងអស់ នឹងទទួលបានលទ្ធផលល្អ ពិសេសអាចបំបែក កំណត់ត្រាដើម្បី ទទួលបាន មេដាយ កម្រិតណាមួយ ដែលពីមុនមក សហព័ន្ធមិនធ្លាប់ ទទួលបាននោះទេ។

លោក ប៊ុយ សោភ័ណ បានឲ្យដឹងទៀតថា កំណត់ត្រាប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រដាល់សកលកម្ពុជា ក្នុងការចូលរួមប្រកួត កម្រិតអាស៊ី ដោយកីឡាករកម្ពុជា រ៉ាចាពៅ អាប់ដុល្លារ ទម្ងន់ ៩២ គីឡូក្រាម កីឡាករមូស្លីមកូនកាត់ អ៊ុយបេគីស្ថាន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រោយឈ្នះកីឡាករ ប្រទេស Kyrgyzstan ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយមានមេដាយប្រាក់នៅក្នុងដៃ។

ដោយឡែកកីឡាករ ពេញវណ្ណថង ក៏ទទួលបានមេដៃសំរិទ្ធមួយគ្រឿងដែរ បន្ទាប់ពីចាញ់កីឡាករ ហ្សាក់ស្ថាន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ នេះជាជោគជ័យ និងកំណត់តារាប្រវត្តិសាស្ត្រ ថ្មីសម្រាប់សហព័ន្ធ ក្នុងការឈានឆ្ពោះ រៀបចំការប្រកួតកីឡា ស៊ីហ្គេមឆ្នាំ ២០២៣ នាខែឧសភាខាងមុខនេះ។

សូមបញ្ជាក់ថា សហព័ន្ធប្រដាល់ សាកលកម្ពុជា បានបញ្ជូន អត្តពលិក ចូលរួមប្រកួត កីឡាប្រដាល់សកល ជើងឯកអាស៊ី អាយុក្រោម ២២ ឆ្នាំ ដែលរៀបចំពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នៅប្រទេសថៃនេះ សរុបបួននាក់ កីឡាករចំនួន ៣ រូប រួមជាមួយកីឡាការិនីមួយនាក់។ ហើយព្រឹត្តិការណ៍នេះ មានប្រទេសចំនួន ២១ ចូលរួម មកពីបណ្ដា ទ្វីបអាស៊ី ជាមួយនឹងកីឡាករ កីឡាការិនី សរុប ២៤៣ នាក់៕ ប្រភព TVK