​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រ​យ​ត្ន​គ្រោះ​អគ្គិ​ស​ភ័យ​

​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង​ខេត្តបាត់ដំបង បានធ្វើការ​អំពាវ​នេះ​នៅក្នុង​ទិវា​ជាតិ បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៤ នៅ​ភូមិ​អន្លង់​កោង ឃុំ​ឈើទាល ស្រុក​បាណន់ នា​ថ្ងៃនេះ ថា​ការ យក ស្រុក​បាណន់ ដើម្បី​ប្រារព្ធ​ទិវា​គឺ​ដោយសារតែ​ស្រុក​បាណន់​គឺជា​តំបន់ ដែល មាន​ហានិភ័យ​ខ្ពស់​នៃ​គ្រោះថ្នាក់​អគ្គិភ័យ ។

​ទិវា​ជាតិ​បង្ការ​និង​ពន្លត់​អគ្គិភ័យ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​សារៈសំខាន់ ចង់បង្ហាញ​ឲ្យ​ឃើញ​នូវ ទិដ្ឋភាព​សោកនាដកម្ម នៃ​ការវិនាសហិនហោច​ទ្រព្យសម្បត្តិ ការបាត់​បង់ជីវិត មនុស្ស ដែល​បង្ក​មកពី​គ្រោះថ្នាក់​អគ្គិភ័យ​ដែលជា​គ្រោះថ្នាក់​មួយ​មិនគួរ​ឲ្យ​កើតឡើង បើ​យើង​គ្រប់គ្នា​បង្កើនបាន​នូវ​ការប្រុងប្រយ័ត្ន និង​ចូលរួម​ក្នុង​វិធានការ បង្ការ​ដោយ​យកចិត្តទុកដាក់ ។ ហើយ​តាមរយៈ​ទិវា​នេះ កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ បាន រៀបចំ​នូវ​បច្ចេកទេស​ងាយៗ ក្នុងការ​បង្ការ និង​ពន្លត់​អគ្គិភ័យ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស កា​ពារ​ទ្រព្យសម្បត្តិ ថែរក្សា​បរិស្ថាន សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ខណៈពេលដែល​ជួបនឹង​គ្រោះ​អគ្គិភ័យ​ជូន​ដល់​ប្រជាពលរដ្ឋ​និង​អង្គពិធី​ដែល បាន​ចូលរួម​មានការ​យល់ដឹង​កាន់តែច្បាស់​ថែមទៀត​។

​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន បាន​បន្តទៀតថា ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ គឺជា​យុទ្ធនាការ​ដ៏​ធំ​មួយ​ក្នុង​គោលដៅ​បំផុស​ការចូលរួម​ពី​គ្រប់​ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល ផ្នែក​ឯកជន ពិសេស​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ទីកន្លែង ដើម្បី​បាន​ចូលរួម​លើកកម្ពស់​ការយល់ដឹង ចូលរួម​គាំទ្រ​ឲ្យ​បាន​សស្រាក់សស្រាំ​ជាមួយ​កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ប្រកបដោយ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​នា​រដូវប្រាំង​នេះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដែល បណ្ដាលមកពី​បញ្ហា​អគ្គិភ័យ​តាទិសដៅ​ផែនការ​យុទ្ធសាស្ដ្រ​រយៈ ពេល​៤​ឆ្នាំ​របស់​នាយកដ្ឋាន​ប​ង្កា​រ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។

​លោក​វរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បាន បញ្ជាក់ថា ៖​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​អគ្គិភ័យ គឺជា​សោកនាដកម្ម​ដ៏​ធំ​បំផុត​ចំពោះ​អ្នក​ដែល​ជួប​នូវ​គ្រោះ​អគ្គិភ័យ ។ ដូច្នេះ​សូម​ឲ្យ​មន្ត្រីរាជការ ប្រជាពលរដ្ឋ​និង​ភ្នាក់ងារ​ឯកជន​នានា​ត្រូវ​រួមគ្នា លើ​កម្ពស់​ការយល់ដឹង​គាំទ្រ​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​បង្កា​និង​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ជៀស​ផុតពី​ហានិភ័យ ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ តាម ទិស​ស្លោក​របស់​ចា​ស់បុ​រាណ​តែង​លើកឡើងថា “​ស៊ូស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ ស៊ូ​លេច​ទូក​កណ្តាលទន្លេ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ “ ៕​

អត្ថបទ៖ លោក សួស សុភ័ក្រ