កម្ពុជា​មាន​ជម្រើស​ពីរ​ក្នុង​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន គឺ កម្រិតធ្ងន់ រឺ កម្រិត​ស្រាល​

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន អាច​មាន​ពីរ​កម្រិត គឺ​កម្រិត​ធ្ងន់ និង​កម្រិត​ស្រាល ប៉ុន្ដែ​កម្ពុជា​មិនទាន់​សម្រេច​ថា យក​កម្រិត​ណាមួយ​ច្បាស់លាស់​នៅឡើយ​ទេ គឺ​កំពុង​សិក្សា​នៅ​ឡើយ ។​

———

​សម្តេច​ក្រឡាហោម ស ខេង ឧបនា​ករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួ​ង​មហាផ្ទៃ មានប្រសាសន៍​ពន្យល់​ថា ៖ «​ការប្រកាស​ដាក់​ភាពអាសន្ន បើ​តាម​ការស្រាវជ្រាវ​ទៅ​អាច​មាន​ពីរ​យ៉ាង កម្រិតធ្ងន់ និង​កម្រិត​ស្រាល​។ បើ​កម្រិតធ្ងន់ គឺ​ទាំងអស់​ទាក់ទង​នឹង​ការ​ដើរហើរ ការជួបប្រជុំ ឬ​ការទាក់ទង​នឹង​ការងារ​ផ្សេងៗ​ជាច្រើន ប៉ុន្ដែ​មិនដឹងថា​ថៃ​ដាក់​ក្នុង​កម្រិត​ណា​ទេ​។ មួយទៀត គ្រាន់​តែ​ឃុំ​នៅក្នុង​ផ្ទះ​ទេ មានន័យ​ថា គ្រប់គ្រង​គាត់​នៅ​ផ្ទះ​មិនឲ្យ​ចេញពីផ្ទះ Lock Down​។ សម្ដេច​តេជោ លោក​បង្ហើប​ដែរ​ទាក់ទង​រឿង​ប្រកាសអាសន្ន ប៉ុន្ដែ​ថា​យក​ជម្រើស​ណា​យើង​មិនទាន់​ដឹង​ទេ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ដែរ​»​។​

​សម្តេច ក្រឡា​ហោម ថ្លែង​នេះ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ថ្មី ស្ដី​ពី​ការផាកពិន័យ​អន្ដរ​ការណ៍ ចំពោះ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក នា​ថ្ងៃ​ទី ២៧​ខែ​មីនា ឆ្នាំ ២០២០​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​បញ្ជា​ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​រៀបចំ​វាយតម្លៃ​សភាពការណ៍ និង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​បង្ការ កុំឲ្យ​មាន​ការអុកឡុ​កផ្សេងៗ​របស់​ជន​ឆ្លៀតឱកាស​។​

​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០​កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា សម្ដេច​កំពុង​ពិចារណា ក្នុងការ​ទូលថ្វាយ​សូម​ព្រះ​រាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​ដាក់​ប្រទេស​ឲ្យ​ស្ថិតនៅ​ក្នុង​គ្រា​មាន​អាស​ន្ន ខណៈ​ដែល​ជំងឺ​កូវី​ដ​១៩ កំពុង​រីក​រាលដាល នៅក្នុង​ប្រទេស​កម្ពុជា​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០ ក្រសួង​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី ចំនួន​០២​នាក់​ទៀត សរុប​កើន​ដល់​៩៨​នាក់ ខណៈ​អ្នកជំងឺ​ជាសះស្បើយ​កើន​ដល់​១១​នាក់​៕
​អត្ថបទ ភី សុខ​