កម្ពុជា​សម្របសម្រួល​អោយ​ម៉ាឡេស៊ី បញ្ជូន​យន្តហោះ​ពិសេស មក​យក​ពលរដ្ឋ​របស់​ខ្លួន ជាង​១០០​នាក់ ពី​កម្ពុជា​

មន្ត្រី​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​សម្របសម្រួល​ឲ្យ​មិត្ត​ម៉ាឡេស៊ី​បញ្ជូន​យន្តហោះ​ពិសេស​មួយ​គ្រឿង​មក​ទទួល​ជនជាតិ​គាត់​ដែល​ជាប់​នៅ​កម្ពុជា ចំនួន ១១១ នាក់ កាលពី​ថ្ងៃ​ទី​២៥​មីនា ដោយសារតែ​ការ​លុប​គ្រប់​ជើងហោះហើរ​ទាំងអស់​តាម​បទបញ្ជារ​គ្រប់គ្រង​ការធ្វើដំណើរ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ។​

​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បង្ហោះ​ព័ត៌មាន​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ខ្លួន បន្ថែមថា ជាមួយនេះ យើង​ក៏​បាន​សម្របសម្រួល​ឲ្យ​ពលរដ្ឋ​យើង​ចំនួន ៦​នាក់​ដែល​ជាប់​នៅ​ម៉ាឡេស៊ី​បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពិសេស​នេះ​ត្រឡប់​មក​កម្ពុជា​វិញ​ដែរ​។​

​ដើម្បី​ធានា​សុវត្ថិភាព ពលរដ្ឋ​ទាំង​៦​នាក់​នោះ​បាន​ទៅ​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ​ពេល​មក​ដល់​ភ្លាម​។​

​ឯកឧត្តម​ប្រាក់​សុខុន «​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Hishammudin Hussein ក៏​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ដើម្បី​ម្យ៉ាង អរគុណ​យើង​ចំពោះ​ការសម្រួល​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​គាត់​ផង ហើយ​ម្យ៉ាង​ក៏​ឆ្លៀតឱកាស​ពិភាក្សាគ្នា​អំពី​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​វីរុស covid-19 ការ​រឹត​ចំណងទាក់ទង​ទ្វេភាគី និង​កិច្ចសហការ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផង​»​។​

​ឯកឧត្តម ក៏​បាន​ជូនពរ​សារ​ជា​ថ្មី​ជូន​លោក Hussein ដែល​បាន​ឡើងកាន់តំណែង​ថ្មី​នេះ​កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា កន្លងទៅ អរគុណ​គាត់​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​បាន​ដោយសារ​យន្តហោះ​ពិសេស​របស់​គាត់ ហើយ​បញ្ជាក់​ពី​ការតាំង​ចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី​និង​ពហុភាគី​៕@phy sok​