កម្ពុជា​គ្រាន់តែ​លក់​ផ្លាកលេខ​ឡាន​ពិសេស​ក្នុង​រយៈពេល​មួយខែ​បាន​ជាង ​២​លាន​ដុល្លារ​

​បាត់ដំបង​៖ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បានអោយដឹងថា ចាប់ពី​ថ្ងៃទី​ ០៧​មករា មក ស្លាក​លេខ​រថយន្ត​ពិសេស​លក់បាន​ចំនួន​ ៦០៩ សន្លឹក​ស្មើនឹង​ទឹកប្រាក់​ជាង​ ២​លាន​ដុល្លារ​ ហើយនេះ​ជា​ភាពជោគជ័យ​មួយ​។​

​ការបង្ហាញ​នេះ​ខណៈដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​អញ្ជើញ​ជា​វាគ្មិន​កិ​ត្ត​យស​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព ​និង ​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​សាធារណៈការ​ និង​ ដឹកជញ្ជូន ដែល​រៀបចំឡើង ដោយ​អង្គភាព​នាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ​២១​កុម្ភៈ​។​

​ឯកឧត្តម​បញ្ជាក់ថា​មន្ត្រី​របស់លោក​ចាំ​ទទួល​អតិថិជន​ចាប់ពី​ម៉ោង ​៩​ព្រឹក ដល់​ម៉ោង ​១០​យប់ ពីថ្ងៃ​ច័​ន្ធ ដល់​ថ្ងៃអាទិត្យ​ពេញ​មិន​សម្រាក​ទេ នៅ​ផ្សា​ទំនើប​អ៊ី​អន​មួយ​និង​អ៊ី​អន​ពីរ ដើម្បី​ផ្តល់​សេវា​ជូន ពលរដ្ឋ អោយបាន​ល្អ ។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ជាម​ន្ត្រី​បម្រើ​រាស្ត្រ​ត្រូវ​ស្តាប់ យោបល់​សំណូមពរ​ពី​គាត់ ហើយ រក​នីតិវិធី​ដោះស្រាយ បញ្ហា​នេះ អញ្ចឹង​យើង​ដោះស្រាយបាន យើង​ត្រូវ​អនុក្រឹត្យ ហើយ​យើង​ដូរ​ប្រព័ន្ធ​យើង​ទៀត ប្រព័ន្ធ Online យើង​ដូរ​បាន​ទាំងអស់ អញ្ចឹង​លក់​ឡាន​ចេញទៅ ប៉ុន្តែ​លេខ​ឡាន​យើង​អាច​យកទៅ​ចាប់​ជាមួយ​ឡាន​ផ្សេងទៀត​បាន »​។​

​ឧ​ត្ត​ម​បញ្ជាក់​បន្ថែមថា «​យើង​ដូរ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ របស់​យើង ខ្ញុំ​មាន​មោទកភាព​ណាស់ ដោយសារ ការធ្វើ​នេះ កូន​ខ្មែរ​ទាំងអស់​អ្នកធ្វើ​ប្រព័ន្ធ​នេះ QR Cord កូន​ខ្មែរ​ធ្វើ​ទាំងអស់ ប្រព័ន្ធ Online កូន​ខ្មែរ​ធ្វើ​ទាំងអស់ មន្ត្រី​នេះ ជូន​ណា​ម៉ោង​៥​ភ្លឺ មិនទាន់បាន​គេង​ផង ធ្វើ​រហូត​អត់​បាន​គេង​ទេ គេ​ចូលចិត្ត​ជំនាញ​ហ្នឹង គេ​ខិតខំ​ប្រឹង​ប្រែ​ធ្វើ ដើម្បី​ប្រមែប្រមូល​ថវិកា​បន្ថែមទៀត ជូន​ជាតិ​យើង ហើយនឹង​ផ្តល់ សេវា​តាម​តម្រូវការ​របស់​បងប្អូន ប្រជាពលរដ្ឋ​យើង អី​ឡូ​វ​យើង​លក់បាន​ជាង ២​លាន​ដុល្លារ​ហើយ ចូល​ថវិកាជាតិ​យើង​»​។​

អត្ថបទ​៖ ភី សុខ​