កម្ពុជា-ថៃប្ដេជ្ញារួមគ្នាទប់ស្កាត់ និងឈានទៅលុបបំបាត់វីរុសកូវីដបំប្លែងថ្មីប្រភេទDelta

Phy Sok, [26.08.21 13:48]

បាត់ដំបង៖មេបញ្ជាការយោធាភូមិភាគទី៥របស់កម្ពុជា និងមេបញ្ជាការកងទ័ពភូមិភាគទី១របស់ថៃបានធ្វើការប្ដេជ្ញារួមគ្នាទប់ស្កាត់ និងឈានទៅលុបបំបាត់វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីប្រទេសឌែលតា(Delta)ដែលកំពុងរាតត្បាតក្នុងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀត។


ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការរវាងយោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបាត់ដំបងជាមួយកងទ័ពភូមិភាគទី១នៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២១នេះ ភាគីទាំងពីរកម្ពុជា-ថៃ មានជំនឿយ៉ាងមុតមាំថា យើងនឹឹងបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគ១ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៃប្រទេសយើងទាំងពីរក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែនលើគ្រប់វិស័យ និងក្លាយជាប្រយោជន៍នៃប្រទេសយើងទាំងពីរ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រកបដោយភាពសុខសាន្ត និងប្រកបមុខរបរនៅតាមខ្សែបន្ទាត់ព្រំដែនកាន់តែប្រសើរឡើងថែមទៀត។


ពាក់ព័ន្ធការទប់ស្កាត់ ការការពារពលករបរទេស និងការរៀបចំការងារសម្រាប់ពលករ ភាគីទាំងពីរបានឯកភាពគ្នាទប់ស្កាត់ និងការពារការលបលួចឆ្លងកាត់ព្រំដែន និងការឆ្លងដែឲ្យបានម៉ឺងមាត់ដោយអនុវត្តន៍ទៅតាមច្បាប់នៃប្រទេសទាំងពីរ។ ចំពោះជនជាតិកម្ពុជាដែលត្រូវចូលទៅធ្វើការនៅក្នុងប្រទេសថៃ ត្រូវចូលទៅដោយត្រឹមត្រូវតាមច្បាប់ ហើយក្នុងករណីមានការបិទព្រំដែនដោយប្រការណាមួយ ភាគីទាំងពីរត្រូវសហការ ជូនដំណឹងគ្នាទៅវិញទៅមកឲ្យបានម៉ឺងមាត់និងទាន់ពេលវេលា។

ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការចាត់វិធានការឲ្យបានម៉ឺងមាត់ ចំពោះអ្នកលបលួចល្មើសក្នុងការធ្វើដំណើរចេញចូលក្នុងប្រទេសនីមួយៗ ដោយចាត់វិធានការចំពោះមេខ្យល់នៅខាងប្រទេសថៃដែលរង់ចាំទទួលពលករកម្ពុជាឆ្លងដែនខុសច្បាប់។

ទាក់ទិនបញ្ហាពលករបរទេសភាគីទាំងពីរបានឯកភាពគ្នា សហការបង្កើតបណ្ដាញព័ត៌មានដោយការទំនាក់ទំនងតាមការឆ្លើយតបតាមប្រព័ន្ធឡាញ និងបង្កើតចំពោះការជួលពលករបរទេសឲ្យបានត្រឹមត្រូវស្របតាមច្បាប់ការងារ និងអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ចំពោះការបន្តសុបលភាពលិខិតឆ្លងដែនរបស់ពលករកម្ពុជា ក្នុងករណីលិខិតឆ្លងដែន ឬឯកសារប្រើជំនួសលិខិតឆ្លងដែនដែលអស់សុពលភាព ត្រូវជំរុញឲ្យពលករកម្ពុជាដំណើរការឲ្យបានត្រឹមត្រូវតាមការកំណត់ត្រឹមថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២២។

ចំពោះបញ្ហាគ្រឿងញៀន ភាគីទាំងពីរសហការគ្នាជំរុញទិន្នន័យលើវិស័យព័ត៌មាន ចំពោះអ្នកប្រព្រឹត្តល្មើស និងវិធីលបលួច នាំយកគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ដោយបង្កើតបណ្ដាញទិន្នន័យព័ត៌មាន ដើម្បីទំនាក់ទំនងតាមប្រព័ន្ធឡាញ។

ពាក់ព័ន្ធបញ្ហាល្បែងភ្នាល់តាមប្រព័ន្ធអនឡាញភាគីទាំងពីររួមគ្នាសហការជំរុញផ្សព្វផ្សាយ និងការបង្កើតបណ្ដាញទិន្នន័យព័ត៌មានរបស់ជនល្មើសក្នុងការបើកវេបសាយល្បែងភ្នាល់គ្នាតាមប្រព័ន្ធអនឡាញ ដោយខុសច្បាប់ដោយទំនាក់ទំនងឆ្លើយតបគ្នាតាមប្រព័ន្ធឡាញ។

គូសបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកដំណើរច្រកព្រំដែនឡើងវិញជាមួយភាគីថៃ ជាង១០ថ្ងៃកន្លងមកនេះ មានពលករខ្មែរចំនួន១ ២៩២នាក់ បានចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកផ្សេងៗក្នុងខេត្តបាត់ដំបង ក្នុងនោះបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១១២នាក់ខណៈចំនួនអ្នកជាសះស្បើយនៅក្នុងខេត្តបានកើនឡើងច្រើន។

រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ ៤១៨នាក់ ព្យាបាលជាសះស្បើយចំនួន ៤ ៥២៦នាក់ កំពុងសម្រាកព្យាបាលចំនួន ៨២០នាក់ និងស្លាប់ចំនួន ៧២នាក់ ៕