តំណាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ៖ ១​ឆ្នាំ​កម្ពុជា​ខាតបង់​ប្រាក់​៤០០​លាន​ដុល្លារ​ដោយសារ​ការ​នាំ​សត្វ​ជ្រូក​ចូល​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​អោយដឹងថា ក្នុង​មួយ​ឆ្នាំ គ្រាន់តែ​យក​លុយ​ទិញ​ជ្រូក ពី​បរទេស​នាំ​ចូល​ត្រូវ​ចំណាយ​អស់ ៤០០​លាន​ដុល្លារ ហើយ​បើ​គិត​ទាំង​មាន់ ទា និង​បន្លែ កម្ពុជា​ត្រូវ​ចំណាយ​ជិត​១​ពាន់​លាន​ដុល្លារ ។​

​តំណាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឲ្យដឹងថា បើសិន​យកលុយ​១​ពាន់​លាន​ដុល្លារ​នេះ បាន​មក​ចិញ្ចឹម​ក្នុង​ស្រុក​វិញ នឹង​ធ្វើឲ្យ​មាន​ការកាត់បន្ថ​យ ការ​ចំណាកស្រុក របស់​ប្រជាពលរដ្ឋ​ទៅ​ក្រៅប្រទេស បាន​ច្រើន​។​

​ការ​ថ្លែង​បញ្ជាក់ របស់​តំណាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការ​រឹតបន្តឹង​ការនាំ​ចូល​សត្វ​ជ្រូក​រស់​ចូលមក​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​។​

​ជាមួយគ្នា​នោះ តំណាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​រូបនេះ ក៏​សូម​អំពាវនាវ​ដល់​អ្នក​នាំចូល ក៏​ដូចជា​អ្នក​ចិញ្ចឹមសត្វ​ទាំងអស់​មក​ធ្វើ​ការវិនិយោគ​នៅ​ស្រុក ឲ្យបាន​ច្រើន ព្រោះថា​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា មានឱកាស​ធំ​ណាស់​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឲ្យដឹងថា តម្លៃ​សត្វ​ជ្រូក​រស់នៅ​ពេលបច្ចុប្បន្ន​នេះ មាន​ស្ថិរភាព​ល្អ ចន្លោះ​ពី​១១០០០-១២០០០​រៀល ដែល​បង្ហាញ​ថា ចំណាត់ការ​របស់​ក្រសួង​កសិកម្ម​លើ​ការ​រឹតបន្តឹង​ការនាំ​ចូល​ជ្រូក ធ្វើឲ្យ​វិស័យ​ចិញ្ចឹម​ជ្រូក​រស់​ឡើង​វិញ​។​

​ក្នុង​សន្និសីទ​នោះ លោក តាន់ សុផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ បាន​អះអាង​ថា កម្ពុជា​អាច​នឹង​លែង​ពឹងផ្អែក​ការនាំ​ចូល​ទាំងស្រុង ក្នុង​រយៈពេល​២ ឬ​៣​ឆ្នាំ​ខាង​មុខ ប្រសិនបើ​គ្មាន​ជួប​បញ្ហា​ជំងឺ​រាតត្បាត ប៉ះពាល់​ដល់​ការ​ចិញ្ចឹមសត្វ​ទេនោះ​។​

​បន្ថែម​ពីលើ​នោះ លោក​អោយដឹងថា​ក្រសួង កសិកម្ម​បាន​សម្រេច​បិទ​ការនាំ​ចូល​សត្វ ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​សហគមន៍​ចិញ្ចឹមសត្វ ក៏​ដូច​ជា​កន្លែង​ចិញ្ចឹមសត្វ​ធំៗ អាច​ផ្គត់ផ្គង់​នៅ​ទីនោះ​បាន​ផងដែរ ខណៈ​នៅ​ខេត្ត​ព្រះសីហនុ មាន​តម្រូវការ​នាំ​ចូល​ជ្រូក​១៤០​ក្បាល​ក្នុង​១​ថ្ងៃ​។​

​មន្ត្រី​ខាង​លើ​បញ្ជាក់ថា​បច្ចុប្បន្ន កម្ពុជា មាន​សមត្ថភាព​ផ្គត់ផ្គង់​ទីផ្សារ​ជ្រូក ក្នុងស្រុក​ប្រមាណ​៨២​ភាគរយ តម្រូវការ​នាំ​ចូល​មាន​ត្រឹមតែ​ជាង​១០​ភាគរយ​ប៉ុណ្ណោះ ហើយ​សត្វ​ជ្រូក ដែល​កំពុង​ចិញ្ចឹម​ទាំងអស់​នៅ​កម្ពុជា មាន​ចំនួន​២.៣​លាន​ក្បាល​៕

@physok