ក្រុមគ្រូពេទ្យបាននឹងបន្តពិនិត្យសុខភាពនិងអប់រំពលករខ្មែរដែលសម្រុកវិលចូលស្រុកវិញជាច្រើននាក់តាមច្រករបៀង ក្បែរច្រកព្រំដែនខេត្តប៉លិននិងខេត្តបាត់ដំបងដែលត្រូវភាគីថៃបិទបណ្តោះអាសន្ន។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា អោយដឹងថានាវេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ដើរឆ្លងកាត់ចេញពីប្រទេសថៃ ចូលប្រទេសកម្ពុជា តាមអូរក្លឹមខាងស្តាំប៉ុស្តិ៍ត្រួតពិនិត្យ ចម្ងាយប្រហែល ១.៣៥០ម៉ែត្រ ពីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ។
កម្លាំងនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ពលរដ្ឋខាងលើនេះ ត្រូវបានឃាត់ទុកដោយអាជ្ញាធរខេត្តប៉ៃលិន ០១ក្រុម ដឹកនាំដោយអភិបាលខេត្ត និងមានការចូលរួមពី រដ្ឋបាលខេត្ត, កម្លាំងស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងរាជអាវុធហត្ថ, កម្លាំងរបស់មន្ទីរពេទ្យខេត្ត និងការរិយាល័យទំនាក់ទំនងព្រំដែនប្រចាំច្រកព្រំ។
បន្ទាប់មកមន្ត្រីមន្ទីរពេទ្យខេត្ត បានអប់រំណែនាំ និងពិនិត្យ សុខភាព ជូនដល់ប្រជាពលរដ្ឋ រួច ឯកឧត្តម ផាន់ ចាន់ថុល អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការអប់រំណែនាំដល់ពួកគាត់ ដើម្បីបង្ការ ទប់ស្កាត់ ក្នុងការចម្លងមេរោគកូវីដ១៩ រួច ឲ្យប្រជាពលរដ្ឋទាំងនោះ វិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា អោយដឹងបន្តថា ចាប់ពីវេលាម៉ោង ១២និង១០នាទីយប់ រហូតដល់ម៉ោង ០៤និង០០នាទីទាបភ្លឺ ថ្ងៃទី២៣មីនានេះដែរ មានពលករប្រជាពលរដ្ឋខ្មែរ បានបង្ខំចិត្តឆ្លងកាត់តាមអូរច្រករបៀង (ស្លាបឆ្វេង) របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់ដំបង ខណៈពេលប្រទេសថៃ ធ្វើការបិទច្រកទ្វារព្រំដែនជាបណ្តោះអាសន្ន បានរកឃើញ និងនាំពួកគាត់មកទីតាំងប៉ុស្តិ៍ ដើម្បីសួរនាំ។
បន្ទាប់ពីសួរនាំរួច កម្លាំងប៉ុស្តិ៍សហការណ៍ជាមួយ មន្ត្រីចត្តាឡីស័ក បានពិនិត្យសុខភាព របស់ពួកគាត់ និងសួរនាំពត៌មានរបស់ពួកគាត់ ដើម្បីបំពេញចូលក្នុងសេចក្តីប្រកាសសុខភាព របស់អ្នកដំណើរបានគ្រប់ៗគ្នា ចប់សព្វគ្រប់។
ដោយឡែក ប៉ុស្ត៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះដែរ បានសហការជាមួយ ក្រុមចត្តាឡីស័ក ត្រួតពិនិត្យ ឯកសារ និងវាស់កម្តៅ គ្រប់តៃកុងឡានដឹកទំនិញ ចេញ-ចូល តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង។
ពលករខ្មែរសម្រុកនាំគ្នាវិលមកស្រុកវិញទាំងយប់ទាំងថ្ងៃនេះ បន្ទាប់ពីថៃបិទច្រកព្រំដែនរវាងកម្ពុជាថៃ ជាបន្តបន្ទាប់ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាដាលជំងឺខូវីដ១៩ ខណៈប្រទេសថៃកំពុងផ្ទុះជំងឺនេះកាន់តែខ្លាំង។ចំណែកកម្ពុជា ករណីឆ្លងកូវីដក៏បានហក់លឿនដែរ មកទល់ពេលនេះកើនឡើង៨៦ករណីហើយដែរ៕
អត្ថបទ: ភី សុខ