យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង ផ្សព្វផ្សាយ​កន្ត្រក​បរិស្ថាន​

មានប្រសាសន៍​ក្នុង​ពិធី​បើក​យុទ្ធនាការ កាត់បន្ថយ​ការប្រើប្រាស់ ថង់​ផ្លា​ស្ទីក និង ផ្សព្វផ្សាយ​ក​ន្រក់​បរិស្ថាន ដែល​រៀបចំឡើង​ដោយ អគ្គនាយកដ្ឋាន​ចំណេះដឹង និង ព័ត៌មាន​បរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី 16 ខែ ធ្នូ នៅក្នុង​បរិវេណ​ផ្សា​របឹង​ឈូក ក្រុង​/​ខេត្តបាត់ដំបង​។

ឯកឧត្តម ជា សំណាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​បញ្ចា​ក់ថា ព្រឹត្តិការណ៍​ដែល​បានរៀបចំ​ឡើង នាពេលនេះ មាន​គោលបំណង ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទីក ដែល​យើង​កំពុង​ប្រើប្រាស់​រាល់ថ្ងៃនេះ ឲ្យ​បាន​ដល់​កម្រិត ជា​អប្បបរមា ដោយសារ​ឥទ្ធិពល នៃ​ថង់​ប្លា​ស្ទិ​ក​នេះ វា​បានផ្តល់​ផល​អាក្រក់ ក្នុងការ​បំផ្លាញ​បរិស្ថាន នៅ​កម្ពុជា ក៏ដូចជា​នៅលើ​ពិភពលោក​ទាំងមូល​។

ផលវិបាក​នៃ​សំណល់​ផ្លា​ស្ទិ​ក វា​បាន​បង្ករ​ជា​ហានិភ័យ ដោយហេតុ​ផល​ថា ប្លា​ស្ទិ​ក​ស្តើង​ត្រូវបាន គេ​ចាត់ទុកថា ជាការ​បំពុល​ដល់​បរិ​ស្ថាន គឺ​វា​ត្រូវការ​ពេលវេលា ជាច្រើន​រយ​ឆ្នាំ ដើម្បី​ធ្វើការ​បំបែក មានន័យថា សំណល់​ផ្លា​ស្ទិ​ក គឺ​សារធាតុ​ដែល មិន​ងាយ និង​ពុកផុយ ឬ​រលួយ​បាន​ដោយ​ងាយៗ​ទេ​។ ជាមួយគ្នានេះ សំណល់​ថង់​ប្លា​ស្ទិ​ក បានផ្តល់​ផលប៉ះពាល់ ដល់​សង្គម សុខភាព និង គុណភាព​បរិស្ថាន មានដូចជាៈ​ការធ្វើ​ឧ្យ​ស្ទះ​ប្រព័ន្ធ បង្ហូរ​ទឹកលូ​ដែល​បង្ករ​ឲ្យ​មាន ទឹកជំនន់​នៅ​រដូវភ្លៀង​ធ្លាក់ ការធ្វើ​ឲ្យ​បាត់បង់ សោ​ភ័​ណ្ឌ​ភាព ទីក្រុង និង​ទីប្រជុំ។

នៅពេល​គេ​បោះចោល ថង់​ប្លា​ស្ទិ​ក​នៅក្នុង​បរិស្ថាន វា​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​ប្រព័ន្ធ​អេកូឡូស៊ី ពិសេស​ជីវចម្រុះ នៅក្នុង​ទឹក មច្ឆជាតិ​អាច និង​រង​ពី ការធ្វើ​ឲ្យ​ស្លាប់ ដោយសារតែ​ពួកគេ គិតថា​ជា​ចំណី ហើយ​បាន​ស៊ី​ថង់​ប្លា​ស្ទិ​ក​ទាំងនោះ ជា​ជម្រក​ភ្នាក់ងារ ចម្លង​ជម្ងឺ​មួយចំនួនធំ និង​មួយផ្នែក​ទៀត ផ្ទុក​ដោយសារ​ធាតុ គីមី​ពុល អាច​ជ្រាបចូល​ទៅក្នុង​ដី និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ គុណភាព​ដី ទឹក និង​ទឹក​ក្រោម​ដី នៅពេលដែល​ថង់​ប្លា​ស្ទិ​ក ត្រូវបាន​ប្រើប្រាស់ សម្រាប់​ច្រក ឬ​ខ្ចប់​ម្ហូបអាហារ ពិសេស​អាហារ​ក្តៅៗ អាច​បង្ក​ផលប៉ះពាល់ ដល់​សុខភាព​មនុស្ស ដោយសារតែ​ជាតិគីមី ដែលមាន​ផ្ទុក ក្នុង​ថង់​ប្លា​ស្ទិ​ក​។

តាមរយៈ​យុទ្ធនាការ នៃ​ការកាត់បន្ថយ ការប្រើប្រាស់ ថង់​ប្លា​ស្ទិ​ក និង​ការផ្សព្វផ្សាយ ពី​កន្ត្រក​បរិស្ថាន ពិតជា​បាន​ផ្តល់ព័ត៌មាន ក៏ដូចជា​ចំណេះដឹង​ថ្មីៗ​ទៀត ជូន​ដល់​ប្រជាពលរដ្ឋ​និង អាជីវករ ជាក់​ជាពុំខាន​ឡើយ​។​
ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា ស្មារតី​នៃ​ការ​ប្រារព្ធ យុទ្ធនាការ​កាត់បន្ថយ ថង់​ប្លា​ស្ទិ​ក​នាពេលនេះ និង​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​យល់ដឹង និង​ភ្ញាក់រលឹក ហើយ​យក​ការយល់ដឹង​នេះ មក​ប្រែក្លាយជា ការអនុវត្ត​ជាក់ស្តែង និង​ជាប្រចាំ ដើម្បី​បុព្វហេតុ បរិស្ថាន​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា និង​បរិស្ថាន​ពិភពលោក ឲ្យ​មាន​និរន្តរភាព ជាក់​ជាពុំខាន​ឡើយ​៕

អត្ថបទ៖ លោក ម៉ូត វោយហូ