រថយន្តធន់ធំដឹកស៊ីម៉ង់បើកបរក្នុងល្បឿនលឿន រេបុកទ្រូងផ្លូវជាតិលេខ៥ ក្រឡាប់ផ្ងារជើង ម្ចាស់រត់បាត់

សមត្ថកិច្ចអោយដឹងថាមានរថយន្តធន់ធំមួយគ្រឿង បុកឃឿនផ្លូវក្រឡាប់ ចាក់ស៊ីម៉ង់ពេញផ្លូវ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត សំណាងមិនរបួសរឺស្លាប់ដល់មនុស្ស។

ករណីនេះកើតឡើង(បង្កដោយខ្លួនឯង )ថ្ងៃទី០៤ខែមីនា ឆ្នាំ២០២១វេលាម៉ោង០០:០០នាទីលើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០២ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

របាយការណ៍បឋមពីសមត្ថកិច្ចបន្ថែមថាហេតុការណ៍នេះ មុនដំបូងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៍ស ស៊េរី២០០៤ ពាក់ផ្លាកលេខ ប.មានជ័យ(3A-1803) ដឹកស៊ីម៉ង់ពេញប្រៀប បើកបរពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បានរ៉េចង្កូតចូលគន្លងផ្លូវខាងឆ្វេង ជ្រុលទៅបុករនាំងទ្រូងផ្លូវ ធ្វើឱ្យរថយន្តក្រឡាប់ បណ្តាលឱ្យខូចខាតរនាំងទ្រូងផ្លូវធ្ងន់ធ្ងរ ប៉ុន្តែមិនមានរងរបួសដល់មនុស្សឡើយ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

លោកផង់សុភាព អធិការនគរបាលស្រុកថ្មគោលខេត្តបាត់ដំបងបន្ថែមថា-អ្នកបើកបររថយន្តឈ្មោះ អាយ សំណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តប.មានជ័យ (រត់គេចខ្លួន) ។

ករណីនេះសមត្ថកិច្ចស្រុកថ្មគោលបាន បានប្រគល់ឱ្យជំនាញចរាចរណ៍ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។
អត្ថបទ ភី សុខ