ឯកឧត្តម នាយឧត្តមសេនីយ៍ ខេងសុមេធ និងរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យ ទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំ ធ្វើជាមណ្ឌលចត្តាឡីស័ក នៅស្រុកសំពៅលូន

Mot Voyho, [02.09.21 09:25]

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេងសុមេធ ប្រធានអនុគណៈកម្មការ សាងសង់ នៃគណៈកម្មការ អន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវិត 19 និងលោក សឿមប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យ ទីតាំងជាក់ស្ដែង ឃ្លាំងទុកចោល មិនមានសកម្មភាព អាជីវកម្ម រោងចក្រម្សៅមី និងរោងសម្ងួតដំឡូងមី នៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី 1 ខែកញ្ញាកន្លងទៅនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេងសុមេធ បានពិនិត្យនិងវាយតម្លៃថា ទីតាំងឃ្លាំង និងរោងទាំងនេះ មានលក្ខណៈសមស្រប ក្នុងការត្រៀមរៀបចំ ធ្វើជាមណ្ឌលចត្តាឡីស័ក ជំនួសឱ្យទីតាំងសាលារៀន នាពេលបច្ចុប្បន្ន ដើម្បីត្រៀមរៀបចំ បើកដំណើរការ ឲ្យសិស្សានុសិស្ស បានចូលរៀនឡើង តាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីការពិនិត្យនិងវាយតម្លៃ ឯកឧត្តមនាយឧត្តមសេនីយ៍ បានសម្រេចយក ឃ្លាំង ដែលទុកទំនេរចោល ចំនួន ២ និងរោងសម្ងួត ដំឡូងមីចំនួនមួយ រៀបចំជួសជុល កែលម្អ ហេដ្ឋារចនាសម័្ពន្ធមុន ចាប់ពីថ្ងៃទី ២ ខែសីហា ឆ្នាំ 2021 នេះតទៅ ដែលអាចទទួលបាន ពលករចូលមក ធ្វើចត្តាឡីស័ក បានចំនួនប្រមាណជា 3ពាន់នាក់។ ចំពោះឃ្លាំង ចំនួនពីរទៀត និងពិនិត្យលទ្ធភាព តាមក្រោយ ស្របតាមលំហូរចូលពលករ។ ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមការងារ បាននិងកំពុងមមាញឹក រៀបចំធ្វើការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ នៅទីតាំង រោងម៉ាស៊ីនកែច្នៃអង្ករ ស្ថិតនៅភូមិកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ជាមណ្ឌលព្យាបាល ដែលអាចផ្ទុកបានចំនួន ២៥០០ គ្រែ៕ ប្រភប រដ្ឋបាលខេត្ត បប